ភ្នំពេញៈ លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញបានថ្លែងទទួលស្គាល់ថា ពិតជាមានអ្នកទោសម្នាក់បានលួចរត់ចេញពីពន្ធនាគារPJ មែនកាលពីព្រឹកមិញ។ លោកបានបញ្ជាក់ថា ពេលនេះកម្លាំងរបស់លោកបានសហការជាមួយសមត្ថកិច្ចផ្សេងៗទៀតកំពុងតាមរកចាប់ខ្លួនអ្នកទោសនោះត្រលប់មកវិញ។
បើតាមលោក រឿង ដ្ឋានរ័ត្ន ប្រធានរដ្ឋបាលពន្ធនាគាររាជធានីភ្នំពេញ PJ បានថ្លែងថា នៅព្រឹកថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៦នេះ ពិតជាមានអ្នកទោសម្នាក់ឈ្មោះ អ៊ុក សុភី ភេទប្រុស ជាប់ចោទពីបទ ឃាតកម្ម បានរត់គេចខ្លួនពីពន្ធនាគារមួយនេះកាលពីម៉ោងប្រមាណជា ៧ និង៣០នាទីព្រឹកពិតប្រាកដមែន។ លោកបន្តថា ជនជាប់ចោទបានផ្ទេរពីពន្ធនាគារខេត្តស្ទឹងត្រែងមកពន្ធនាគារ PJ អស់រយៈពេលជិត១ឆ្នាំហើយ ដើម្បីរងចាំសវនាការនៅសាលាឧទ្ធរណ៍។ មន្ត្រីរូបនេះបានបញ្ជាក់ថា មកដល់ម៉ោង១២ថ្ងៃត្រង់នេះ កម្លាំងសមត្ថកិច្ចរបស់លោកនៅមិនទាន់តាមរកចាប់ខ្លួនជនជាប់ចោទដែលរត់គេចនោះបាននៅឡើយទេ។
មន្រ្តីដដែលបានថ្លែងទៀតថា ជនជាប់ចោទមានឱកាសរត់គេចដោយសារតែរូបគេត្រូវបានអនុញ្ញាតឱ្យទៅធ្វើការនៅក្នុងផ្ទះបាយ ខណៈអនុរក្សកំពុងតែប្រជុំជួរទើបរូបគេបានយកកាំជណ្តើឡើងតាមរបងខាងក្រោយរត់គេចខ្លួនតែម្តង៕
មតិយោបល់