ស្វាយរៀងៈ ក្រុមអាជីវករលក់ដូរក្នុងផ្សារ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញផ្សារបាននាំគ្នារិះគន់អាជ្ញាធរក្រុងស្វាយរៀង និងមេភាស៊ីផ្សារស្វាយរៀងមិនអើពើនិងសំរាមស្អុយគគ្រុកនៅលើផ្លូវខាងជើងផ្សារ និងកែងខាងត្បូងឈៀងខាងលិចផ្សារគរសំរាមដូចភ្នំ រឺមួយទុកបង្អួតគេឯងថា ពិតជាបានអនុវត្តន៍គោលនយោបាយទីក្រុងស្អាតល្អឥតខ្ចោះពិតមែន។ ការរិះគន់ពីក្រុមអាជីវករ និងពលរដ្ឋនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
ពលរដ្ឋបានបន្តទៀតថា ចាប់តាំងពី មេផ្សារស្វាយរៀងមកកាន់តំណែងជាប្រធានផ្សារនេះមក សំរាមចោលពាសវាលពាសកាលពេញតែផ្លូវ ចោលក្លិនស្អុយគគ្រុកធ្វើឲ្យពលរដ្ឋម្នាក់ៗនាំគ្នាបិតច្រមុះ ព្រោះមិនអាចទ្រាំនិងក្លិននេះបាន។ មិនតែប៉ុណ្ណោះ ពលរដ្ឋលក់ដូរមួយល្អី មួយកន្ច្រែង ក៏មិនរួចផុតពីក្រុមផាស៊ីផ្សារនេះបានឡើយ គឺហូតភាស៊ី មិនឲ្យខ្វះមួយកាក់មួយសេននោះទេ បើពុំព្រមបង់លុយទេ កុំស្មានបានលក់ដូរបានឲ្យសោះ។
ពាក់ពន្ធ័និងករណីនេះ អាជ្ញាធរបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយខ្វះកន្លែងដាក់សំរាមទើបឲ្យដាក់លើចិញ្ចើមផ្លូវសិន តែពេលយប់ រឺទាបភ្លឺគេប្រមូលទៅចោលអស់ហើយ។ តែទោះជាយ៉ាងក៏ដោយពលរដ្ឋសំណូមពរអាជ្ញាធរខេត្តគួរតែឲ្យក្រុមប្រមូលសំរាមនេះ ប្រមូលពេលថ្ងៃទៅ ព្រោះវាធ្វើឲ្យជះក្លិនមិនល្អដល់អាជីវករ និងពលរដ្ឋដែលមកទិញទំនិញផ្សេងៗនៅផ្សារស្វាយរៀង ខណៈដែលដកដង្ហើមចូលខ្លួនប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ៕
មតិយោបល់