ព័ត៌មានជាតិ

ប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាលឿនបុកកង់រថយន្តក្រុមហ៊ុនតេលាបត់ឆ្លងផ្លូវដួលរបួសធ្ងន់

ភ្នំពេញៈ ប្រុសស្រី ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកកង់រថយន្ដក្រុមហ៊ុនប្រេងឥន្ធនៈតេលាដួលរងរបួសធ្ងន់ ខណៈពេលរថយន្តកំពុងបត់ឆ្លងផ្លូវចូលស្ថានីយ៍ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GE-0954 ជិះដោយប្រុសស្រី២នាក់ឌុបគ្នាពីជើងទៅត្បូង មិនស្គាល់ឈ្មោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។

រថយន្តដឹកស៊ីទែនប្រេងរបស់ក្រុមហ៊ុនតេលាម៉ាក ISZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2634 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមិនឃើញនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកឆ្លងពីកើតទៅលិច ខណៈពេលរថយន្តកំពុងបើកឆ្លង ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើ បើកក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកកង់ក្រោយរថយន្តពីស្តាំ បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត រួចរាយការណ៍ប្រាប់ជំនាញខណ្ឌ វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ បណ្តោះអាសន្នជំនាញខណ្ឌរាយការណ៍បន្ត ទៅការិយាល័យចរាចរណ៍ផងដែរ៕

មតិយោបល់