Post News Media ព័ត៌មានជាតិ ទ្រាំចិត្តមិន...

ទ្រាំចិត្តមិនបាន! ឃើញអតីតសង្សារខ្លួន នៅជាមួយប្រុសផ្សេង បុរសម្នាក់យកញញួរ វាយភាគីម្ខាងរបួស..

កណ្ដាល: កាលពីវេលាម៉ោង ៦ និង៣០ នាទីល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យបុរសម្នាក់រងរបួស ត្រង់ចំណុចភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ នូ គង់ ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចាន់រ៉ា ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង (រងរបួស) ។ ចំណែកជនសង្ស័យឈ្មោះ ឡាច សាមឿន ភេទ ប្រុស អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖ ញញួរ ០១។

សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកឈ្មោះ ឡាច សាមឿន និងឈ្មោះ ស្រេង ចាន់ថូ ស្រឡាញ់គ្នា និងរួមរស់ដូចប្តីប្រពន្ធ ដោយស្នាក់នៅផ្ទះជួល ជាមួយគ្នានៅរាជធានីភ្នំពេញ ក្រោយមករស់នៅមិនចុះសម្រុងគ្នា និងបានមានទំនាស់គ្នា ឈ្មោះ ស្រេង ចាន់ថូ បានមកស្រឡាញ់ឈ្មោះ នូ គង់ ហើយនាំគ្នាមករស់នៅភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លុះដល់វេលាថ្ងៃកើតហេតុ ឈ្មោះ ឡាច សាមឿន បានជិះ ម៉ូតូឌុបចេញពីភ្នំពេញ មកភូមិទ្រាំងក្រោម ឃុំតាឯក ដោយយកញញួរ មកជាមួយផង ពេលមកដល់ផ្ទះជនរងគ្រោះ ដោយឃើញឈ្មោះ ស្រេង ចាន់ថូ និងឈ្មោះ នូ គង់ នៅជាមួយគ្នា ឈ្មោះ ឡាច សាមឿន មានភាពប្រច័ណ្ឌ ក៏យកញញួរទៅវាយលើឈ្មោះ នូ គង់ បណ្តាលឲ្យមានរបួសលើថ្ងាស ០១កន្លែង កញ្ចឹងក០១កន្លែង និងជង្គង់ឆ្វេង ០១ កន្លែង ឃើញដូចនោះ អ្នកជិតខាងបានឃាត់បំបែកចេញពីគ្នា។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍តាឯក ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕