ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ឈាមជ្រូក បបែលងៀត យីហ៊ឺ នំស្លឹកស្រស់ ត្រសក់ត្រាំ ត្រយូងហាន់រួច សណ្តែកបណ្តុះ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក និងត្រីងៀតគ្រប់មុខ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅលើគំរូ ឈាមជ្រូក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ប្រមាណ ៣.៥០ គីឡូក្រាម នៅផ្សារច្បារអំពៅ ហើយមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ។
ក្នុងនោះដែរ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់