ភ្នំពេញៈ រថយន្តហ៊ីណូ ស្លាកលេខ ចង្កូតស្តាំ ដឹកថ្មពេញមួយគ្រឿង បានធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចាក់ថ្មចោលមកលើដី រងការខូចខាតយ៉ាងដំណំ ខណៈដែលគេចម៉ូតូមួយគ្រឿងដួលពីមុខរថយន្ត កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តហ៊ីណូខាងលើ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2216 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
តាមប្រភព័ត៌មាននៅពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើបើកដោយបុរសម្នាក់តាមផ្លូវទំនប់កប់ស្រូវទិសដៅពីលិចទៅកើត ពេលមេឃកំពុងធ្លាក់ភ្លៀងដោយស្ថានភាពផ្លូវរអិលផង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់បានរអិលដួលខាងមុខរថយន្តភ្លាមៗនោះ តៃកុងរថយន្តបានបួងចង្កូតគេចមកស្តាំដៃអែបចិញ្ចើមផ្លូវដោយកង់រថយន្តខាងក្រោយផ្នែកខាងស្តាំហួសមកលើដីផុតផ្លូវបេតុងបន្តិចក៏ស្រុតដីបណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ថ្មចោលតែម្តង។
ប្រភពបន្តថាក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសទេ។ ចំណែកអ្នកដួលម៉ូតូនៅលើផ្លូវខាងមុខរថយន្តក៏បន្តដំណើរទៅមុខបាត់ទៅ។
ក្រោយកើតហេតុម្ចាស់រថយន្តខាងលើបានហៅរថយន្តស្ទូចដោយខ្លួនឯងមកស្ទូចរថយន្តរងគ្រោះទៅជួសជុល៕
មតិយោបល់