ព័ត៌មានជាតិ

លួចគេបានហើយគេចខ្លួនមួយយប់ ស្អែកឡើងជាប់ខ្នោះសមត្ថកិច្ច!

ភ្នំពេញៈ ជនសង្ស័យម្នាក់បានលួយទូរសព្ទដៃគេហើយ គេចខ្លួនបានមួយយប់ ស្អែកឡើងម្ចាស់ដាក់ពាក្យបណ្តឹងសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជនសង្ស័យលេខ១៦៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យិន សុធី ហៅ ម៉េក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ១៦៥ ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ (មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះសុខ ហ៊ួរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ទូរសព្ទ បច្ចុប្បន្នស្នាក់នៅចំណុចផ្ទះផ្លូវ បេតុង ក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ទូរសព្ទដៃទាំង៣គ្រឿងដែលជនសង្ស័យបានធ្វើសកម្មភាពលួចនោះទី១ម៉ាក Samsung J7 ពណ៌ខ្មៅ ទី២ម៉ាកSamsung S7 និងទី៣ម៉ាកIPhone4 ពណ៌ខ្មៅ។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានទុកទូរសព្ទនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនហើយចេញទៅលក់គ្រឿងទូរសព្ទ ដោយក្មួយស្រីតូចអាយុ១១ឆ្នាំនៅចាំមើលផ្ទះ នៅម៉ោង៨និង២០នាទីព្រឹក ថ្ងៃដដែល ឈ្មោះ យិន សុធី ហៅម៉េត បានចូលក្នុងផ្ទះជនរងគ្រោះដល់ក្នុងបន្ទប់ធ្វើសកម្មភាពលួចយកទូរសព្ទ៣គ្រឿងខាងលើដាក់ក្នុងហោប៉ៅខោដើរចេញក្រៅផ្ទះគេចខ្លួន បាត់។ ក្រោយមកពូរបស់ក្មួយស្រីត្រូវជាម្ចាស់ទូរសព្ទមកដល់ផ្ទះត្រូវបានក្មួយប្រាប់ថាជនសង្ស័យបានលួចទូរសព្ទរបស់ខ្លួនបាត់ហើយលុះដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានមកដាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ក្រោយពីបានទទួលពាក្យបណ្តឹងរួចកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍កំណត់បានមុខសញ្ញាឈានទៅឃាត់ជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះរបស់ជនសង្ស័យស្នាក់នៅតែម្តង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់