ព័ត៌មានជាតិ

លោក ហុក វ៉ាន់ធីណា៖ ល្ងាចនេះសម្រេចឲ្យក្មេងប្រុសដែលឪពុកអះអាងថាមានជំងឺវិកលចរិតបាននៅក្រៅឃុំបណ្តោះអាសន្នហើយ

កណ្ដាល: ដូចការសន្យារបស់លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល យុវជនម្នាក់ដែលឪពុកអះអាងថាមានជំងឺវិកលចរិត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ហៀច ណាវ ជាឪពុកយុវជនឈ្មោះ ម៉េង ខ្លូត អាយុ២២ឆ្នាំ បញ្ជាក់ប្រាប់Post News នៅល្ងាចថ្ងៃនេះថា តុលាការបានសម្រេចដោះលែងឲ្យកូនប្រុសលោកបាននៅក្រៅឃុំបណ្តោះអាសន្នហើយ បន្ទាប់ពីកញ្ញាអ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជិតមួយខែរួចមក។

សូមរំលឹកថា មន្ត្រីពន្ធនាគារខេត្តកណ្ដាល បញ្ជាក់ថា ឈ្មោះ ម៉េង ខ្លូត ដែលឪពុកអះអាងថាមានជំងឺវិកលចរិតកំពុងមានស្ថានភាពមិនស្រួល ទាមទារឲ្យមានការពិនិត្យពីគ្រូពេទ្យជំនាញទៀងទាត់។ ឪពុកដែលជាកម្មករសំណង់ ភ័យខ្លាចក្រែងកូនប្រុសស្លាប់ក្នុងពន្ធនាគារ ដោយទទូចសុំឲ្យកញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដោះលែងឲ្យកូនប្រុសឲ្យមានសេរីភាពឡើងវិញ។

ស្របពេលជាមួយគ្នានេះដែរ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល បានទទួលយកសំណូមពររបស់ឪពុកជាកម្មកររូបនេះ និងសន្យាជួយដោះស្រាយតាមនីតិវិធី ខណ:ដែលឪពុកបានក្រាបសំពះនៅមុខបន្ទប់ប្រធានសាលាដំបូង ។

លោក ហៀច ណាវ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ហើយមកធ្វើការសំណង់នៅកោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែឧសភា បានមកសាលាដំបូងខេត្តកណ្ដាលម្តងទៀត ដើម្បីសុំជួបចៅក្រម តែគ្មានភ័ព្វសំណាងបានជួបទេ ដោយសារកញ្ញា អ៊ី ម៉ាណូកា កំពុងស្ថិតនៅក្រៅប្រទេស។

លោក ណាវ បានបង្ហាញឯកសារមួយច្បាប់ដែលទើបសុំបានពីមន្ត្រីតុលាការ ដែលបញ្ជាក់ពីស្ថានភាពជំងឺរបស់កូនប្រុសខ្លួន។

លិខិតបញ្ជាក់សុខភាពចេញដោយ វរ:អគ្គានុរក្សលេខ១ វេជ្ជបណ្ឌិត ហែម កុសល អនុប្រធានពន្ធនាគារខេត្តកណ្ដាល ទទួលបន្ទុកសេវាសុខភាព ចុះថ្ងៃទី១៨ ខែឧសភា បញ្ជាក់ថា ជនជាប់ឃុំឈ្មោះ ម៉េង ខ្លូត ហៅ ណាវ ខ្លូត ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ តាមសំណុំរឿងព្រហ្មទណ្ឌលេខ៥៧៨ អ.ក ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកណ្តាល ពីបទលួច (លួចម៉ូតូ)។

អនុប្រធានពន្ធនាគារខេត្តកណ្ដាល លោក ហែម កុសល បន្ថែមថា ឈ្មោះ ម៉េង ខ្លូត មានសភាពរវើរវាយ ដេកមិនលក់ ហូបបាយមិនបាន និងមានសភាពភ័យខ្លាច។ តាមយោបល់គ្រូពេទ្យ ឈ្មោះ ម៉េង ខ្លូត ត្រូវការតាមដានពីសំណាក់គ្រូពេទ្យជំនាញឲ្យបានទៀងទាត់។

កន្លងមក ឪពុកជាកម្មករសំណង់សំពះអង្វរស្រក់ទឹកភ្នែក សុំឲ្យកញ្ញា អ៊ី ម៉ាណូកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដោះលែងកូនប្រុស ដែលលោកអះអាងថា មានជំងឺវិកលចរិត។ លោកភ័យខ្លាចថា កូនប្រុសអាចស្លាប់ក្នុងពន្ធនាគារ ប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវទេនោះ។

លោក ហៀច ណាវ អាយុ៤៤ឆ្នាំ បញ្ជាក់ថា កូនប្រុសឈ្មោះ ម៉េង ខ្លូត អាយុ២២ឆ្នាំ មានជំងឺនេះជាង៣ឆ្នាំហើយ។ កូនប្រុស ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចម៉ូតូ ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។

លោកបន្តថា បច្ចុប្បន្នកូនប្រុសមានអាការ:ធ្វើទុក្ខខ្លាំង ហើយលោកបារម្ភខ្លាចកូនអាចស្លាប់ក្នុងពន្ធនាគារ។ លោកទទូចសុំឲ្យតុលាការដោះលែងកូនប្រុសផង។

យោងតាមវិញ្ញាបនបត្រសុខភាព ចេញដោយលោកវេជ្ជបណ្ឌិត គឹម ចាន់ថន គ្រូពេទ្យព្យាបាលបម្រើការនៅមន្ទីរសម្រាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ កាលពីថ្ងៃទី១ ខែឧសភា បញ្ជាក់ថា ឈ្មោះ ម៉េង ខ្លូត ភេទប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៤ មានជំងឺវិកលចរិត បានទទួលការព្យាបាលចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ និងកំពុងបន្តការព្យាបាល៕

មតិយោបល់