ភ្នំពេញៈ កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានជិះប្រដេញជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនជាតិបរទេសម្នាក់ បណ្ដាលឲ្យជនសង្ស័យ ភ័យស្លន់ស្លោក៏ជិះរត់ទៅបុករថយន្តមួយគ្រឿង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្សារ៧មករា តាមបណ្ដោយផ្លូវលេខ២៨៧កែង និងផ្លូវលេខ៦១៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HH-9311 តាមបណ្តោយផ្លូវលេខ៦១៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងល្បឿន ទាំងសភាពភ័យស្លន់ស្លោនិងមានកម្លាំងសមត្ថកិច្ច ស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានបួនទៅប្រាំម៉ូតូ បានជិះដេញតាមពីក្រោយជនសង្ស័យខាងលើ។
លុះមកដល់ចំណុចកើតហេតុ យុវជនម្នាក់នេះ ក៏ជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហៃលែនឌ័រ ពណ៌ទឹកប្រាក់ ដែលបើកបរតាមបណ្ដោយផ្លូវ២៨៧ ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យរងការខូចខាតក្រពឹតរថយន្តផ្នែកខាងមុខចំហៀងខាងស្តាំ ចំណែកម៉ូតូរងការខូចខាតបែកចង្កៀងផ្នែកខាងមុខ ដោយឡែកយុវជនជាអ្នកបើកបរ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន។
ក្រោយពេលកើតហេតុជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំខ្លួនយកទៅសាកសួរនាំ ដើម្បីកសាងសំណុំរឿង និងចាក់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់