ព័ត៌មានជាតិ

បុរសវ័យប្រហែល២០ឆ្នាំ លោតពីស្ពានស្ទឹងមានជ័យ ប៉ងបញ្ចប់ជីវិត

ភ្នំពេញៈ បុរសម្នាក់ បានសម្រេចចិត្តលោតពីលើស្ពានស្ទឹងមានជ័យ ចូលក្នុងប្រឡាយទឹកស្អុយបំណងបញ្ចប់ជីវិត ប៉ុន្តែមិនសម្រេចតាមបំណង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្ពានស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ វ័យប្រហែល២០ឆ្នាំ ទំនងជាបែកថ្នាំ(ញៀនថ្នាំ) បានឡើងទៅឈរលើបង្កាន់ស្ពានស្ទឹងមានជ័យ ហើយលោតចុះមកក្រោមចូលក្នុងប្រឡាយ ប៉ុន្តែសំណាងល្អ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវតឡើយ។ ខណៈនោះដែរ ក្រោយលោតប៉ងបញ្ចប់ជីវិតមិនបានសម្រេច គេឃើញបុរសរូបនេះ បែរជាលេងទឹកស្អុយក្នុងប្រឡាយទៅវិញ ធ្វើហាក់ដូចជាលេងទឹកសមុទ្រអញ្ជឹង ដែលហេតុការណ៍នេះ បានបង្កឲ្យមានមនុស្សមាឆ្លងកាត់ទីនោះចោមរោមមើលគ្រប់ៗគ្នា។

យ៉ាងណាក៏ដោយ សមត្ថកិច្ចប្រចាំគោលដៅបានហៅបុរសខាងលើ សាកសួរនាំនៅកន្លែងកើតហេតុ គេបានប្រាប់ថា លែងចង់រស់ទៀតហើយ ប៉ុន្តែអ្វីដែលគេឆ្លើយប្រាប់ហាក់ដូចជាមនុស្សវិកលចរិក ស្ដាប់មិនដឹងហេតុផលច្បាស់លាស់ ដែលគេសង្ស័យថា បុរសរូបនេះបែកថ្នាំតែម្ដង៕

មតិយោបល់