ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល មនុស្ស២នាក់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាណ៍រវាងម៉ូតូបុកជាមួយម៉ូតូ កើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៦៨A ​ត្រង់ចំណុច មុខប៉ុស្តិ៍​រដ្ឋបាលឃុំស្រះជីក ស្ថិតក្នុងភូមិស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលឃុំស្រះជីក បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប-1E.7286 បើកបរដោយឈ្មោះ ចង់ វ៉ារី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ​ត្រង់ចំណុចមុខ ប៉ុស្តិ៍​រដ្ឋបាលឃុំស្រះជីក មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ១៩៩៩ ពណ៌ស្លាបកំភេម គ្មានផ្លាកលេខបើកបរដោយឈ្មោះ កាន់ សម្ភស្ស ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបានបុកចំចំហៀងម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរី២០០៨ ផ្នែកខាងឆ្វេង បណ្តាលឲ្យត្រូវជើងឆ្វេងអ្នកបើកបររបួសធ្ងន់បាក់ជើងឆ្វេង ចំណែកអ្នកបើកបរម៉ូតូម៉ាកឌ្រីមស៊េរី១៩៩៩ រងរបួសស្រាល ។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូស៊េរី១៩៩៩ បើកវ៉ាជែងម៉ូតូ០១គ្រឿងខាងមុខក្នុងល្បឿនលឿន ហើយអ្នកបើកបរម៉ូតូស៊េរី២០០៨ បត់ឆ្វេងមិនប្រយ័ត្នបណ្តាលឲ្យម៉ូតូស៊េរី១៩៩៩ បុកពេញទំហឹងតែម្តង។ វត្ថុតាងម៉ូតូខូចស្រាលទាំង០២គ្រឿង រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំស្រះជីករងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ជនរងគ្រោះរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅពេទ្យបាត់ដំបង ៕

មតិយោបល់