ព័ត៌មានជាតិ

ប្រកាសផ្លាស់ប្ដូរ និងតែងតាំង ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ក្រោយពីព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នេះនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានប្រារឰពិធីប្រកាសតែងតាំងលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងលោក ផាន់ វណ្ណរ័ត្ន ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យមកបំពេញការងារនៅក្រសួងយុតិ្តធម៌ និងតែងតាំងលោក មាស ច័ន្ទពិសិទ្ធ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូលរាជធានី ភ្នំពេញ មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ដែលត្រូវផ្ទេរទៅកាន់ក្រសួងយុត្តិធម៌ បានធ្វើសេចក្តីរាយការណ៍ ពីការងារដែលលោកបានបំពេញការងារក្នុងរយៈពេលជិត៥ឆ្នាំ បានដោះស្រាយរឿងទាំងធំ និងតូចរាប់ពាន់សំណុំរឿង។ ចំពោះសំណុំរឿងដែលនៅសល់មិនទាន់ដោះស្រាយចប់សម្រាប់លោកព្រះរាជអាជ្ញាថ្មីមាន៦៣០សំណុំរឿងទៀត ដែលត្រូវដោះស្រាយបន្ត។

ជាមួយគ្នានោះលោកបានស្នើសុំឲ្យមានកិច្ចសហការគ្នាបន្តទៀតក្នុងការដោះស្រាយសំណុំរឿងធ្វើយ៉ាងណាកុំឲ្យគេនិយាយថា ខេត្តបន្ទាយមានជ័យជាតំបន់តិចសាស្ត្រ។

លោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាថ្មី ខេត្តបន្ទាយមានជ័យបានលើកពីប្រវត្តិសិក្សា និងជីវប្រវត្តិការងារហើយលោកសង្ឃឹមថា តាមរយៈប្រវត្តិខាងលើ លោក និងខិតខំបំពេញការងារឲ្យកាន់តែរីកចម្រើនតាមរយៈតួនាទី និងកិច្ចសហការផ្ទៃក្នុងឲ្យបានល្អ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ការដោះដូរតួនាទីរបស់មន្ត្រីរាជការគ្មានអ្នកណាជៀសផុតឡើយ។

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការដោះដូរនោះធ្វើឡើង ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបំរើឲ្យវិស័យយុត្តិធម៌ និងមានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន៕

មតិយោបល់