ព័ត៌មានជាតិ

គោយន្តមិនដាក់ភ្លើងបំភ្លឺ សិស្សវិទ្យាល័យទាចំរ៉ាត់​ម្នាក់ជិះម៉ូតូបុកពីក្រោយស្លាប់យ៉ាងអាណោចអាធ័ម!

​ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរវាងម៉ូតូបុកជាមួយគោយន្តពីក្រោយ បណ្តាលឲ្យស្លាប់សិស្សស្រីដែលជាអ្នកបើកបរម៉ូតូនៅនឹងកន្លែងតែម្តង។

ម៉ូតូម៉ាកហុងដា សេ១២៥ ស្លាកលេខ ពោធិ៍សាត់1OG-2019 ជិះដោយឈ្មោះ ហា រី ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សនៃវិទ្យាល័យទាចំរ៉ាត់ រស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានទៅបុកគោយន្តពីក្រោយដែលកំពុងបើកទៅមុខ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរគោយន្តបានបើករត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកគោយន្តមិនបានដាក់ភ្លើងបំភ្លឺនៅផ្នែកខាងក្រោយនិងបើកបរខ្វះការប្រុងប្រយ័ត្ន។ ចំពោះសាកសព និងម៉ូតូសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះ សមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវរកចាប់ឃាត់ខ្លួនអ្នកបើកបរគោយន្តដែលជាជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់