ព័ត៌មានជាតិ

ចង់ចំណេញ! អ្នករត់តាក់ស៊ីម្នាក់ ខឹងអ្នកហៅម៉ូយទារលុយ ១ពាន់រៀល ក្លាយជាហិង្សាទាញពូថៅ កាប់ភាគីម្ខាង ចុងក្រោយអស់ ១លានវិញ….

ភ្នំពេញៈ ករណីទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ប្រើហិង្សា ព្រោះតែ​លុយ​១​ពាន់​រៀល​ ដោយ​បុរស​អ្នកបើកបរ​រថយន្ត ​បាន​ទាញ​ពូថៅ​កាប់​ទៅ​លើ​បុរស ​ដែល​ជា​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត បណ្ដាល​ឲ្យ​រង​របួស​ដៃ និង​ស្មា។

ជន​បង្ក​​​ឈ្មោះ ម៉ី ធី អាយុ​២៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ ស៊ុន ទី​បណ្ឌិត អាយុ​២៩​ឆ្នាំ មុខរបរ​ហៅ​ម៉ូយ​ដាក់​រថយន្ត។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារ​បុរស​អ្នកបើកបរ​រថយន្ត ខឹង​អ្នក​ហៅ​ម៉ូយ​រូប​នោះ ​បានប្រើពាក្យសម្ដី មិនសមរម្យដាក់ខ្លួន រឿងខ្លួន​មិន​ព្រម​ឲ្យ​លុយ​១​ពាន់​រៀល​ថ្លៃ​ជួយ​ហៅ​ម៉ូយ។

ក្រោយកើតហេតុ អ្នកបើកបរ​រថយន្ត​ខាងលើ​ បាន​រត់គេច​ខ្លួន​បាត់ លុះ​កន្លះ​ខែ​ក្រោយ​ ភ្លេចខ្លួន​ត្រឡប់​ទៅ​កន្លែង​កើតហេតុ​វិញ ក៏​ត្រូវសមត្ថកិច្ច​វាយ​ខ្នោះតែម្ដង។

គួររំឭកថា ហេតុការណ៍​នោះ ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ មក​ម្ល៉េះ​ ស្ថិតនៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ជិត​អតីត​ស្ពានដែក ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លុះដល់​វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ទើប​សមត្ថកិច្ចធ្វើការឃាត់ខ្លួន​ជន​ដៃដល់​បាន រួចយកទៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដង្កោ​ ធ្វើការសម្របសម្រួលគ្នា ដោយភាគី​ទាំង​២ ​យល់ព្រម​បញ្ចប់រឿង ​ត្រឹម​សំណង​១​លាន​រៀល៕

មតិយោបល់