ព័ត៌មានជាតិ

ចេញពីពន្ធនាគារមិនទាន់១ខែផង រត់ទៅកាប់គេ ២ពូថៅ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនយកមកផ្តន្ទាទោស

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១០ និង ១៨នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ជនសង្ស័យឈ្មោះ ឈន ភារម្យ ភេទ ប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

សមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជា ផល្លី ភេទ ប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូ ទៅធ្វើការនៅម្តុំរោងចក្រគុយទាវ ពេលជិះដល់រោងចក្រគុយទាវ ស្រាប់តែជនសង្ស័យ បានជិះម៉ូតូតាមខ្លួន ហើយដកពូថៅកាប់មកលើខ្លួនចំនួន ០២ពូថៅ បណ្តាលឲ្យបែកមួកសុវត្ថិភាព និងធ្លុះមួកត្រូវចំក្បាលលើត្រចៀកខាងឆ្វេង ប្រវែង ០៨សង់ទីម៉ែត្រ។

ដោយទ្បែកជនសង្ស័យ បានសារភាពថា ៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមកដល់មុខផ្ទះរបស់ខ្លួន ហើយបានគប់សំបកពោត ចូលក្នុងបរិវេណផ្ទះរបស់ខ្លួន ពេលនោះខ្លួនមានកំហឹងជាខ្លាំង បានរត់ទៅយកពូថៅ ដែលទុកនៅផ្ទះបាយ ហើយជិះម៉ូតូតាមជនរងគ្រោះ ពេលជិះទៅដល់ខ្លួន បានហៅជនរងគ្រោះឲ្យឈប់ និងបានកាប់ជនរងគ្រោះចំនួន ០២ពូថៅ ត្រូវចំមួកសុវត្ថិភាព ហើយខ្លួនបានជិះម៉ូតូត្រឡប់មកផ្ទះវិញ បម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ស្តីពីបទរំលោភលើសេចក្តីទុកចិត្ត ទើបតែចេញពីពន្ធនាគារ បានប្រហែល ០១ខែ ក៏បានប្រព្រឹត្តបទល្មើសបន្ថែមទៀត។

ក្រោយឃាត់ខ្លួន និងទទួលបានចម្លើយសារភាព ពីជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់