ព័ត៌មានជាតិ

អ្នកចូលចិត្តហូបប្រហិតសូមប្រុងប្រយ័ត្ន! ព្រឹកមិញ មន្រ្តីកាំកុងត្រូល ចាប់ដកហូតប្រហិតចំនួន ២៥ គីឡូក្រាម មកកម្ទេចចោល

ការពារសុខុមាលភាព និងផលប្រយោជន៏សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជំរុញឲ្យការចរាចរណ៏ ផលិតផលម្ហូបអាហារលើទីផ្សារ ប្រកបដោយសុវត្ថិភាព លុបបំបាត់ការកេងបន្លំផលប្រយោជន៏ តាមរយៈការលក់ទំនិញក្លែងក្លាយ ឬបន្លំបរិមាណ ។ ល។ គឺជាកាតព្វកិច្ចដែលមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលអនុវត្តប្រចាំថ្ងៃ នៅតាមបណ្តាច្រកទ្វារព្រំដែន និងនៅតាមបណ្តាទីផ្សារ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី និងតាមបណ្តាផ្ទះជុំវិញផ្សារ ក្នុងក្រុងស្ទឹងត្រែង។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្រ្តីកាំកុងត្រូល បានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់លើផលិតផលមឹក និងបង្គាស្រស់ និងពិនិត្យអំពីភាពអនុលោម លើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភេសជ្ជ:មួយចំនួន ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីកាំកុងត្រូលរកពុំឃើញមានសារធាតុគីមីលើគំរូផលិតផលដែលបានត្រួតពិនិត្យនោះទេ តែបានរកឃើញ និងដកហូតប្រហិតចម្រុះហួសកាលបរិច្ឆេទ ប្រើប្រាស់ចំនួន ២៥ គីឡូក្រាម យកមកកម្ទេចចោល។

ក្នុងឱកាសនោះ មន្រ្តីជំនាញ បានណែនាំដល់អាជីវករ ឱ្យចេះពិនិត្យ និងរៀបចំតាំងលក់ផលិតផលប្រកបដោយសុវត្ថិភាព និងមានអនាម័យ ជៀសវាងការដាក់លក់ផលិតផលដែល ខូចគុណភាព ផុតកំណត់រយ:ពេលប្រើប្រាស់ មានចម្លងមេរោគ ឬមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់