ភ្នំពេញៈ នគរបាលប៉ុស្តិ៍កាកាបទី១ ខណៈកំពុងតែដើរល្បាតតាមផ្លូវស្ងាត់បានប្រទះឃើញជនសង្ស័យម្នាក់កំពុងឈរនៅមុខក្លឹបឌីស្កូមួយកន្លែងដូចជាសង្ស័យ ក៏ឃាត់នាំទៅសួរនៅប៉ុស្តិ៍ ស្រាប់តែធ្លាយរឿងធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទ នៅតាមផ្លូវបានសម្រេច៣លើករួចមកហើយ ។
ការឃាត់ខ្លួននោះធ្វើឡើងកាលពីម៉ោង១និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខក្លឹបឌីស្កូរ៉ឺឡិច តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះមានឈ្មោះ ហេង ថាលីន អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភព័ត៌មានឲ្យដឹងថា មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍កសកាប១ ចេញល្បាតពួនស្ទាក់បទល្មើដនៅក្នុងមូលដ្ឋាន លុះទៅដល់ត្រង់ចំណុចមុខក្លឹបរ៉ឺឡិច ប្រទះឃើញជនសង្ស័យកំពុងឈរមើលទៅគួរឲ្យសង្ស័យ។ ខណៈនោះកម្លាំងបានឃាត់នាំយកទៅធ្វើការសាកសួរ ទើបបែកធ្លាយដឹងថា ជនសង្ស័យខាងលើ រួមនឹងបក្ខពួកមួយចំនួនទៀតធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទតាមផ្លូវបានសម្រេចចំនួន៣លើករួចមកហើយ។
ជនសង្ស័យរូបនោះសារភាពប្រាប់នគរបាលបន្តទៀតថា លើកទី១ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងឆក់ទូរស័ព្ទពីស្ត្រីម្នាក់នៅតាមផ្លូវម៉ៃដា បានទូរស័ព្ទសាំស៊ុង១គ្រឿង ហើយខ្លួនជាអ្នកបិទគូទ។ លើកទី២ មានគ្នា២នាក់ទៀត ឆក់ទូរស័ព្ទសាំស៊ុង១គ្រឿងនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី និងលើកទី៣ មានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ឆក់បានទូរស័ព្ទអាយហ្វូន៥ មួយគ្រឿងនៅតាមផ្លូវលេខ២០០៤ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យសារភាពទៀតថា ក្រោយពីឆក់បានសម្រេចខ្លួន និងបក្សពួកបាននាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពរាល់លើក និងយករបស់ដែលឆក់បាននោះទៅចែកគ្នាចាយវាយយ៉ាងសប្បាយចិត្ត។ ហើយសកម្មភាពលើកចុងក្រោយមិនចាំថ្ងៃខែទេ គឺយកទៅលក់ចែកលុយគ្នាស៊ីចាយអស់ហើយ លុះដល់ថ្ងៃទី១៦ ខែធ្នូនេះ ទើបត្រូវនគរបាលឃាត់ខ្លួនបានបែបនេះតែម្ដង៕
មតិយោបល់