ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួន និងវាយខ្នោះយកមកប៉ុស្តិ៍ ក្រោយពីស្ត្រីខាងលើបានធ្វើ សកម្មភាព លួចកាត់ខ្សែក កូនក្មេងនៅក្នុងផ្សារតូច ទួលសង្កែ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុច ក្នុងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាល ទួលសង្កែបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះហើយនឹងកូនរបស់ខ្លួន បានជិះម៉ូតូឌុបចេញពី កន្លែងស្នាក់នៅម្តុំបឹងកក់ នៅក្បែរព្រះវិហារអ៊ីស្លាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីធ្វើដំណើរ មកផ្សារតូចទួលសង្កែ មករកទិញម្ហូបយកទៅផ្ទះវិញ ។ ខណៈពេលដែលជនរងគ្រោះបានជិះម៉ូតូ ដល់ផ្សារតូចទួលសង្កែរួចមក ក៏បានដើរចូលទៅ ក្នុងផ្សារដើររកទិញម្ហូប បានហើយ ជនរងគ្រោះបានបីកូនប្រុសអាយុប្រហែល ២ឆ្នាំ ដែលមានពាក់ ខ្សែកផ្លាកទីនចំនួន ១ជីកន្លះ ដោយមានបន្តោងរូបព្រះ ។ ខណៈពេលដែល ជនរងគ្រោះកំពុងតែអង្គុយតថ្លៃកាំបិតចិតបន្លែ ពេលនោះ កូនប្រុសរបស់ជន រងគ្រោះបានដេកលក់ ក៏បានបីទ្រកូនដាក់ដៃខាងស្តាំ ស្រាប់តែពេលនោះ មានជនសង្ស័យម្នាក់ បានដើរមកលួចកាត់ខែ្សករបស់កូនប្រុសស្រ្តីរងគ្រោះ នៅពេលដែលកាត់រួចហើយ ក៏ត្រូវបានស្ត្រីរងគ្រោះដែលម្តាយឃើញដូចនេះ បានស្រែកចោរៗ កាត់ខ្សែកកូនរបស់ខ្ញុំ ។ ក្រោយមក ក៏ត្រូវបានកម្លាំង សន្តិសុខ និងកម្លាំងសមត្ថកិច្ច ដែលកំពុងរៀបចំធ្វើ សណ្តាប់ធ្នាប់បានមក ជួយធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ ។
លោក ហ៊ុយ ហ៊ាន បានបន្តទៀតថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ឡាង សុភា ហៅភា ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិរោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ជុំ ចន្ថា ហៅខួច ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួចនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕
https://www.youtube.com/watch?v=KXKrDBuiyJ0&feature=youtu.be









មតិយោបល់