ព័ត៌មានជាតិ

សូមប្រយត្ន័បងប្អូន ឥឡូវនេះមានចោរលូកហោប៉ៅនៅផ្សារដើមគរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារ ដើមគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលូកហោប៉ៅលួចលុយ នៅចំណុចក្នុងផ្សារដើមគរ ផ្លូវលេខ៣៣៦ ក្រុមទី៥ ភូមិ៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រ៉េត មុំ ហៅមុំ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ រ៉ាវី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២២៧ ក្រុមទី១០ ភូមិ៣សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងនោះដែរសមត្ថកិច្ចដកហូតបានលុយរៀលចំនួន៦២៥,០០០រៀល (បានប្រគល់ឲ្យជនរងគ្រោះវិញ)។

មុនពេលកើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨វេលា ម៉ោងប្រហែល៧និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះមកផ្សារដើគរ ក្នុងគោលបំណងទិញផ្លែឈើសែនថ្ងៃសីល៍ នៅពេលមកដល់ក្នុងផ្សារដើមគរកន្លែងផ្លែឈើ ក៏បានឈប់ទិញដោយដាក់លុយក្នុងហោប៉ៅអាវ ពេលនោះក៏ត្រូវជនសង្ស័យឈ្មោះរ៉េត មុំ តាមមកឈរអែបជិតរួចធ្វើសកម្មភាពលូកយកលុយរបស់ជនរងគ្រោះដែលដាក់ក្នុងហោប៉ៅអាវបានសម្រេច តែក្នុងពេលនោះជនរងគ្រោះដឹង ខ្លួនទាន់ក៏ស្រែកឆោឡោឲ្យគេជួយ អន្តរាគមន៍តាមឃាត់ជនសង្ស័យបានជាក់ស្តែងរួមជាមួយវត្ថុតាង នាំយក មកប្រគល់ឲ្យសមត្ថកិច្ចយើងចាត់ការទៅតាមផ្លូវច្បាប់ ។

ក្រោយពេលឃាត់ខ្លួនបានសមត្ថកិច្ចយើងបានធ្វើតេស្តទឹកនោមជន សង្ស័យរកសារធាតុញៀនក្នុង ទឹកនោម ជាលទ្ធផលអវិជ្ជមាន (គ្មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ រ៉េត មុំ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់