ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន៥រូប ត្រូវបានបញ្ជូនពីប្រទេស អង់គ្លេស ត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
សេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថាៈការបញ្ជូនវត្ថុបុរាណខ្មែរដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញនេះ បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូក្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចក្តីជូន ព័ត៌មាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មក កម្ពុជាវិញជាបន្តបន្ទាប់។
សេចក្តីជូនព័ត៌មានដដែលបន្ថែមថា ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្កន្ធ) មកពីប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរនិងនាងឧមា)និងកន្សៃទូកសំរឹទ្ធ ត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ សេចក្តីជូនព័ត៌មានដដែលបញ្ជាក់ទៀតថា រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញ ធ្វើការពិនិត្យវាយតម្លៃ សម្អាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលា ណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕








មតិយោបល់