ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេង២នាក់ ឆក់កាបូបមិនបានសម្រេច ជាប់ខ្នោះ!

តាកែវៈ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនជនសង្ស័យចំនួន​២នាក់ ជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ជាសកម្ម) ទៅកាន់សាលាដំបូងខេត្ត។

លោកវរសេនីយ៍ឯក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ និងដាក់បទបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្ការបង្រ្កាប ទប់ស្កាត់បទល្មើសអំពើលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង គ្រប់ប្រភេទដល់ កម្លាំងជំនាញ និងលោក អធិការនគរបាលស្រុក- ក្រុង។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៣ និង៤៨នាទីរសៀល នៅចំណុចភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងបង្រ្កាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) បង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ១/ឈ្មោះ ជា សុបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ២/ឈ្មោះ មុត សុវណ្ណរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា បានជិះម៉ូតូC 125 មូយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រ.ព្រះស៊ីហនុ 1A -3893 ផលិតឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនរងគ្រោះឈ្មោះ ស៊ឹម វល័ក្ខ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ខណៈដែលជនរងគ្រោះត្រឡប់មកពីផ្សារគិរីវង់ ជិះម៉ូតូម្នាក់ឯង ក្នុងពេលជនសង្ស័យធ្វើសកម្មភាពឆក់ ត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងថា ចោរៗ ធ្វើអោយប្រជាពលរដ្ឋឮដូច្នោះបានជួយស្រែក ខ្លះបានរត់ដេញពីក្រោយ ខ្លះទៀតបានយកម៉ូតូដេញតាម និងអ្នកខ្លះបានលើកទូរស័ព្ទតេរកសមត្ថកិច្ច។

លោកវរសេនីយ៍ឯក នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់បានបន្តថាៈ ដោយមានការផ្ដល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋ និងដោយមានការអន្តរាគមន៍ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងដោយមានការដឹកនាំកម្លាំងផ្ទាល់ពីលោក អធិការនគរបាលស្រុកគិរីវង់ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ ស្រុកគិរីវង់ ក៏បានពួនស្ទាក់ និងបានយករនាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យធ្វើឲ្យជនសង្ស័យមិនអាចជិះរត់គេចខ្លួនបាន ទើបឈានដល់ការចាប់ខ្លួនបានជនសង្ស័យនៅនិងរនាំងត្រួតពិនិត្យតែម្ដង។
ក្នុងកិច្ចប្រតិបត្តិការនេះបង្រ្កាបបានជនសង្ស័យ២នាក់ ម៉ូតូ១គ្រឿង ដែលមានភិតភាគដូចខាងលើ និងកាបូបដៃ០១ ដែលមានសម្ភារៈនៅក្នុងកាបូបរួមមាន ប្រាក់រៀលសរុបចំនួន១២៣១០០រៀល (ដប់ពីរម៉ឺនបីពាន់មួយរយរៀល) និងទូរស័ព្ទដៃម៉ាក OPOP ០១គ្រឿង។

លោកវរសេនីយ៍ឯក សែម សុជាតិ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់បានបន្ថែមថាៈ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕

មតិយោបល់