ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តមួយក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងបណ្តាលរងរបួស២នាក់ ហើយរថយន្តបានបង្កបានបន្តទៅបុកខឿនសួនច្បាររបស់ស្ថានីយប្រេងឥន្ធនៈ និងស្លាកប៉ាន់ណូហាងកាហ្វេដែលនៅក្បែរនោះបន្ថែម កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចស្តុបច្រកចូលផ្សារទំនើបអ៊ីអនទី២ តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-4654 និងស្ត្រីម្នាក់ទៀតរួមដំណើរពីក្រោយតាមបណ្ដោយផ្លូវ១០០៣ ក្នុងទិសដៅត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវឧកញ៉ាម៉ុងរិទ្ធី ខណៈដែលឆ្លងបានពាក់កណ្តាលផ្លូវក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីសRX330 ពណ៌កាប់ស៊្តាំង ពាក់ស្លាកលេខ ភ្នំពេញ 2AC-6807 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿនដូចហោះ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកម៉ូតូខាងលើពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតផ្លោងជាង១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។ ចំណែកឯអ្នកបើកបររងរបួសបែកប្រអប់ជើងខាងស្តាំ រីឯអ្នករួមដំណើរពីក្រោយរងរបួសបាក់ភ្លៅខាងឆ្វេង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបន្តជ្រុលទៅបុកខឿនសួនច្បារនិងស្លាកទិសសញ្ញារបស់ស្ថានីយប្រេងឥន្ធនៈ តូតាល់ដែលនៅក្បែរនោះរងការខូចខាត។ ប៉ុន្តែរថយន្តបង្កនៅមិនទាន់ក៏បន្តទៅបុកស្លាកប៉ាណូនិងបង្គោលភ្លើងរួមទាំងថូផ្កាដែលនៅខាងមុខហាងកាហ្វេយីហោ ធីមកាហ្វេ បណ្តាលឲ្យបង្គោលស្លាកប៉ាន់ណូវៀចមួយ។ ចំណែកឯបង្គោលភ្លើងរងការឲខូចបែកបន្តិចបន្តួច។ ដោយឡែករថយន្តបង្ករងការខូចយ៉ាងដំណំទៅមុខលែងរួច ភ្លាមៗនោះអ្នកបើកបររថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្ករងការខូចខាតនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ដោយឡែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់