ព័ត៌មានជាតិ

ម៉ូតូសង់កូរ៉េ បុករថយន្តបើកថយក្រោយ ស្លាប់ម្នាក់មួយរំពេច

កំពង់ធំ: គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូបុករថយន្តបើកថយក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកំណាត់ផ្លូវលេខ២៦៤C ។

ករណីនេះកើតឡើងរវាងម៉ូតូកូរ៉េសេ១០០ ពណ៌ក្រហម ស្លាកលេខ កំពង់ធំ 1B-8923 បើកបរផ្លូវត្រង់ពីលិចទៅកើត ដោយ ឈ្មោះ អន សុវិច្ឆកា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ខណ:ដែលបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3A-5689 បើកបរថយក្រោយចេញពីឃ្លាំងមកលើទ្រូងផ្លូវពីត្បូងទៅជើង ដោយឈ្មោះ ស្រ៊ុន គឹមស្រៀង ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (គេចខ្លួន) បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់។

ចំណែកមូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តបើកបរថយក្រោយ ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់