ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជា បានណែនាំឲ្យនាយកដ្ឋានពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាទាំង ០៤នាក់នេះ បានឆាប់រហ័ស បន្ទាប់ពីមានពលរដ្ឋកម្ពុជាចំនួន ០៤នាក់ ស្ថិតក្នុងចំណោមចំណាប់ខ្មាំងចំនួន ២៦នាក់ ដែលទើបនឹងត្រូវបានដោះលែងនៅសូម៉ាលី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលានេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជំរាបគឺទី១- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានសេចក្តីសោមនស្សរីករាយ ពេលទទួលបានព័ត៌មានថា ពលរដ្ឋកម្ពុជាទាំង ០៤នាក់នេះ ព្រមទាំងចំណាប់ខ្មាំងដ៏ទៃទៀត ត្រូវបានដោះលែង។
ទី២-ក្រសួង បានណែនាំឲ្យនាយកដ្ឋានពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាទាំង ០៤នាក់នេះ បានឆាប់រហ័ស។ ទី៣-តាមការរៀបចំសម្របសម្រួលរបស់ក្រសួង ពលរដ្ឋកម្ពុជាទាំង ០៤នាក់នេះ នឹងធ្វើដំណើរមកដល់ទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៤:៣០នាទីរសៀល តាមជើងយន្តហោះ EK332 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates។
ទី៤- ក្រសួង កំពុងតែបន្តរៀបចំសម្របសម្រួល សំរាប់ការធ្វើដំណើរបន្តពីទីក្រុងម៉ានីលមកទីក្រុងភ្នំពេញ បន្ទាប់ពីពលរដ្ឋទាំង ០៤នាក់នោះ ធ្វើដំណើរមកដល់ទីក្រុងម៉ានីល តាមការគ្រោងទុកខាងលើ និង៥- ក្រសួង នឹងជំរាបជូនបន្ថែម នៅពេលណាទទួលបានព័ត៌មានថ្មីៗទៀត៕
មតិយោបល់