ភ្នំពេញៈ ជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន៩កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ឃាត់ខ្លួន ហើយដោយឡែកជនសង្ស័យម្នាក់ទៀត ជាអ្នកមករកទិញថ្នាំយកទៅប្រើប្រាស់ក៏ឃាត់ខ្លួនដែរ យកមកសួរនាំនៅប៉ុស្តិ៍ ។
ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោងប្រហែល១០និង៤០នាទី យប់ថ្ងៃទី១៨ ធ្នូ ២០១៨ ត្រង់ចំណុចមុខអាគារសានសុខ ផ្លូវបេតុង ក្រុមទី៤ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានចំនួន២នាក់ ទី១មាន ឈ្មោះ ភា ភូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរលក់លៀស មានទីលំនៅ ផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ជាម្ចាស់ថ្នាំ។ ជនសង្ស័យទី២ឈ្មោះ ឈាង សម្ភព ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១។
មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ទី២ បានធ្វើការចេញល្បាត ក្នុងភូមិសាស្ត្រ មូលដ្ឋាន របស់ខ្លួន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជួប និងជនសង្ស័យ កំពុងអង្គុយលើកង់មួយគ្រឿង ដោយកម្លាំងមានការសង្ស័យបានចូលទៅសួរនាំ និងឆែកឆេរនៅលើដងខ្លួន បានរកឃើញក្រាមពណ៍សថ្លាចំនួន៩កញ្ចប់តូច ជាមួយគ្នានោះមានជនសង្ស័យម្នាក់ទៀតនៅក្បែរនោះ សង្ស័យមករកទិញថ្នាំយកទៅប្រើប្រាស់ ក៏ឃាត់យកមកប៉ុស្តិ៍សួរនាំតែម្តង ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំ មកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរជនសង្ស័យ និងកសាងសុំណុំរឿង បញ្ជូនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់