ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តទំនើបមួយគ្រឿង ព្យាយាមបើកប្រដេញគ្នា តាមដងផ្លូវ ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលជិះដោយនារី២នាក់ ផ្លោងហោះជិត៥០ម៉ែត្រ រួចរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុកពីក្រោយរថយន្តមួយគ្រឿងទៀត ទើបទៅមុខលែង និងបណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១និង៤០នាទី យប់ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងនិងផ្លូវលេខ២១៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Bentley ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-3333 ដែលអ្នកបើកបរបុរសជនជាតិចិនម្នាក់ និងរួមដំណើរជាមួយបុរសម្នាក់ទៀត សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្តប្រដេញគ្នាជាមួយរថយន្តមួយទៀតមិនស្គាលម៉ាក ពេញផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ មុខវិទ្យាល័យចតុមុខ ស្រាប់តែរថយន្ត Bentley មួយគ្រឿងនេះ បានជ្រុលទៅបុកនិងម៉ូតូ ម៉ាក អាយខន ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ កណ្តាល 1I- 7335 ដែលជិះដោយនារីពីរនាក់ ក្នុងទិសដៅគ្នាស្របគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូហោះផ្លោងជិត ១០ ម៉ែត្រ រងរបួសធ្ងន់ធ្ងរទាំង២នាក់ ។
សាក្សីបន្ថែមថា ក្រោយពីកើតហេតុហើយនោះ រថយន្តបង្ក បានបន្តល្បឿនជ្រុលទៅបុកនិងគល់ឈើនៅចិញ្ចើមផ្លូវ ហើយល្បឿនរថយន្តនេះនៅមិនទាន់អស់ទេ ក៏បន្តទៅបុកពីក្រោយរថយន្តធន់តូច ម៉ាកវិស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-8530 មួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ដែលកំពុងស្របទិសពីមុខនោះ យ៉ាងពេញទំហឹងបណ្តាលឲ្យរួញចង់ដល់អ្នកបើកបរ ហើយម្ចាស់រថយន្ត វិស្តូ ក៏រងរបួសធ្ងន់ផងដែរ។
ទោះជារថយន្តទំនើប Bentley បើករះជាច្រើនតង់យ៉ាងណាក៏ដោយ ក៏ល្បឿននៅបន្តថែមមកបុកនិងចិញ្ចើមផ្លូវនិងបុកស្លាកសញ្ញាចរាចរណ៍មួយដើមទៀត ទើបរថយន្តដាច់ក្រឡេកង់ទៅមុខលែងរួច ។
ក្រោយពីបង្កគ្រោះថ្នាក់ហើយ អ្នកបើករថយន្តបង្កBentley ដែលប្រជាពលរដ្ឋអះអាងថាជាជនជាតិនោះ ក៏បានរងរបួសធ្ងន់ផងដែរ ហើយប្រហែលជា៥នាទី រថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន បានមកដល់ ក៏ដឹកជនរងគ្រោះដែលរង របួសធ្ងន់ ទៅកាន់មន្ទីរពេទ្យសង្គ្រោះសិន ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា ជនរងគ្រោះដែលក្នុងហេតុការណ៍គ្រោះថា្នក់ចរាចរណ៍ខាងលើនេះ មានរបួស៥នាក់ ក្នុងនោះជនរងគ្រោះ៣នាក់ និងអ្នកបើកបររថយន្ត Bentley ចំនួន២នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចចរាចរណ៍ជំនាញ់របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីវាស់វែងយករថយន្តបង្ក រួមទាំងម៉ូតូនិងរថយន្តរងគ្រោះទាំងអស់ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕
មតិយោបល់