កណ្តាលៈ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួស កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ មានឈ្មោះ ណៃ រតនៈ ហៅ ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (មុតក្បាលពីក្រោយចំហៀងខាងឆ្វេង១កន្លែង និងហើមមុខខាងឆ្វេង១កន្លែង) ។ ជនសង្ស័យឈ្មោះ សឹង សុមុនី ហៅគង់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន)។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សឹង សុមុនី ហៅ គង់ បានខឹងមាន់របស់ជនរងគ្រោះជាច្រើនក្បាល មកជាន់ចានបាយនិងអាចម៍ដាក់ផ្ទះខ្លួន។ ចំណែកជនរងគ្រោះបានឆ្លើយថា «សត្វមាន់វាអញ្ជឹង ឲ្យចំណីស៊ីប៉ុន្មាន ក៏ស៊ីមិនគ្រាន់ដែរ» ភ្លាមនោះជនសង្ស័យនិងជនរងគ្រោះបានប្រតាយប្រតប់គ្នា នៅក្នុងបរិវេណដីឡូតិ៍របស់ជនរងគ្រោះ ប៉ុន្តែពេលនោះជនរងគ្រោះរត់រួចទៅដល់ផ្លូវបេតុង ម្តុំមុខផ្ទះតាប៊ុយ ជនសង្ស័យដេញតាមក្រោយវាយនិងដាល់ជនរងគ្រោះដួលលើដី បណ្តាលឲ្យមុតក្បាលហូរ ឈាមមួយកន្លែង និងហើមមុខខាងឆ្វេងមួយកន្លែង ។ ពេលទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនវាយដាល់ត្រូវក្បាលនិងមុខជនរងគ្រោះ ៤ទៅ៥ដៃ ដោយមិនមានប្រើស្នាប់ដៃវាយក្បាលជនរងគ្រោះឡើយ។ ចំណែកជនរងគ្រោះឆ្លើយថា៖ ជនសង្ស័យវាយក្បាលខ្លួនដោយស្នាប់ដៃនិងទាត់ធាក់បន្ថែមទៀត ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់