កណ្តាលៈ មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចព្រះវិហាឥស្លាម ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ម៉ើ ម៉ាត់លី ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំកើតហេតុ មុខរបរអនុប្រធានសាសនា(ហាកឹម) និងជាគ្រូបង្រៀនសាសនាឥស្លាម។ ចំណែកជនសង្ស័យឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករសំណង់(ឃាត់ខ្លួន) រស់នៅភូមិ-ឃុំកើតហេតុ ។
សំភារៈដែលខូចខាត បង្អួចកញ្ចក់៣ វង់(៤ផ្ទាំង) និងដកហូតវត្ថុតាងបាន៖ កន្រ្តៃកាត់ដែក១ប្រវែង១,២០ម៉ែត្រ ។
មុនពេលកើតហេតុកន្លងមក ជនសង្ស័យ ធ្លាប់មានអំពើហិង្សាក្នុងគ្រួសារនិងប្រើប្រាស់គ្រឿងញៀន។ លុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ជនសង្ស័យបានធ្វើសកម្មភាពយកកន្ត្រៃកាត់ដែក មកវាយកង់សិស្សសាលាដែលទុកនៅក្បែរថ្នាក់រៀន។ បន្ទាប់មកជនសង្ស័យបានយកកន្ត្រៃមកវាយបង្អួចកញ្ចក់ព្រះវិហារឥស្លាម បណ្ដាលឲ្យ បែកខូចខាតខ្ទេចខ្ទី៣បង្អួច(៤ផ្ទាំង) ពេលនោះក៏មានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបាននាំគ្នាចាប់ជនសង្ស័យចងទុកនៅនិងដងទង់ជាតិ រួមទាំងវត្ថុតាងផង។ នៅវេលាម៉ោង១និង៤០នាទី ក្រោយពីទទួលដំណឹងរួច សមត្ថកិច្ចប៉ុស្ដិ៍បានទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យនិងវត្ថុតាងមកប៉ុស្តិ៍ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយកញ្ចក់បង្អួចព្រះវិហារបណ្ដាលឲ្យបែក៣វង់(០៤ផ្ទាំង)ពិតប្រាកដមែន។
ករណីនេះផ្នែកជំនាញបានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឬស្សីជ្រោយកំពង់បន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់