ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកទ្រូងថ្មចែកផ្លូវបាក់២កង់ ចំណែករថយន្តបែកកង់មុខផ្នែកខាងឆ្វេង ទៅលែងរួច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ ស្ថិតតាមផ្លូវម៉ៅសេទុង ត្រង់ចំណុចជិតសាលាវណ្ណដា ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AB-8522 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសាចាំងភ្លើងខ្វារថយន្តមួយគ្រឿងទៀត បណ្ដាលរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកទ្រូងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ខណៈរថយន្តរងការខូចខាតកង់ខាងមុខផ្នែកខាងឆ្វេង ទៅលែងរួច សំណាងល្អមិនមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកវាស់វែង រួចស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់