ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងធុនធំ បើកចូលក្នុងក្រុងខុសម៉ោង កំណត់ ទៅកៀរនិងកិនម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តសណ្តោងធុនធំមួយគ្រឿងម៉ាក NISSAN DIESEL ពណ៌សំបកឪឡឹក ជារថយន្តរបស់ក្រុមហ៊ុនផែ តេង ឡាយ ពាក់ស្លាកលេខ ភ្នំពេញ3A-0671 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង អំទ្បុងពេលមានយានយន្តធុនតូចជាច្រើន កំពុងធ្វើចរាចរណ៍យ៉ាងមមាញឹក។
លុះមកដល់ចំណុចកើតហេតុ រថយន្តសណ្តោងធុនធំខាងលើ ក៏បានបត់ស្ដាំទៅផ្លូវ១៨២ បំណងឆ្ពោះទៅផ្សារដេប៉ូ តែដោយរថយន្ត បើកបត់ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅកៀរនិងកិនពីលើម៉ូតូមួយគ្រឿង ម៉ាក ហុងដាស្កុបភី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AH-9859 បើកបរដោយនារីម្នាក់ កំពុងឈប់ទន្ទឹមខាងស្តាំរថយន្ត បណ្តាលឲ្យម៉ូតូរងការខូចខាតវៀចដៃចង្កូត និងវៀចបូមខាងមុខ ចំណែកឯនារីដែលជាអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងនិងបានឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា ដោយមានតំណាងភាគីខាងរថយន្តបង្ក ចេញមុខមកធ្វើការចរចាសម្របសម្រួលគ្នា ជាមួយនិងភាគីខាងម៉ូតូ ដោយភាគីខាងម៉ូតូ មិនចង់មានរឿងវែងឆ្ងាយ ក៏ឲ្យភាគីខាងរថយន្តបង្ក យកម៉ូតូរបស់ខ្លួន ទៅជួសជុល ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់