បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស២នាក់ បានលង់ទឹកស្លាប់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នា។ ហេតុការណ៍លង់ទឹកស្លាប់នេះ បានកើតឡើងនៅថ្ងៃទី១៩ធ្នូ ដោយហេតុការណ៍មួយកើតនៅស្រុកព្រះនេត្រព្រះ និងហេតុការណ៍មួយទៀតនៅស្រុកមង្គលបូរី។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាបុរសលង់ទឹកស្លាប់ក្នុងស្រុក ព្រះនេត្រព្រះ ឈ្មោះ ចេង ប្រុស អាយុ៤៥ឆ្នាំ ដែលរស់នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ។ ឈ្មោះចេង ប្រុស នៅវេលាម៉ោងប្រមាណ២ទៀបភ្លឺ បានក្រោកទៅមើលមងដាក់ត្រីទឹកក្នុងទឹកជម្រៅ២,២០ម៉ែត្រ នៅអូរតាជ្រាំ ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ដោយបាត់ប្តីយូរ គាត់បានទៅតាមរកនៅកន្លែងដាក់មង តែរកមិនឃើញក៏ត្រឡប់មកផ្ទះវិញ។ ក្រោយមកគាត់បានរកបងប្អូន ក្នុងភូមិចំនួនពី ៧-៨នាក់ អោយទៅជួយតាមរកនៅកន្លែងដាក់មងម្ដងទៀត លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី១៩ធ្នូដដែល នៅពេលចុះទៅរកម្តងទៀត ក៏ឃើញសាកសពលោក ចេង ប្រុស រុំដោយសាច់មងស្លាប់ នៅក្នុងទឹក។ សមត្ថកិច្ចបានធ្វើកោសល្យវិច័យលើសាកសព និងធ្វើការសន្និដ្ឋានថា ការស្លាប់នេះ ពិតជាស្លាប់ដោយសារការលង់ទឹកពិតមែន។
ក្នុងហេតុការណ៍លង់ទឹកស្លាប់ក្នុងស្រុកមង្គលបុរីនោះវិញ សមត្ថកិច្ចបានអោយដឹងថា សាក្សីអាយុ៣៧ឆ្នាំ ឈ្មោះ អឿ សារ៉ាត់ នៅភូមិបឹងត្រស់ ឃុំចំណោម នៅម៉ោង១៥និង៥៤នាទី ថ្ងៃទី១៩ធ្នូ បានដើរទៅមើលស្រែនៅខាងត្បូងភូមិ ចំងាយ១០០០ម៉ែត្រ បានប្រទះឃើញសពរបស់ឈ្មោះ ចាន់ នឿត ភេទប្រុស អាយុ៤៤ឆ្នាំ បានស្លាប់ក្នុង ទឹកប្រឡាយ ។ មេភូមិនិងពលរដ្ឋបានអោយដឹងថា ជនរងគ្រោះ ជាមនុស្សស្រវឹងខួប ហើយរស់នៅម្នាក់ឯង គ្មានប្រពន្ធ កូននៅជាមួយទេ ។ សាក្សីបានបញ្ជាក់ថា ជនរងគ្រោះមុនហេតុការណ៍កើតឡើង បានទៅលើកមង និងបានជិះកង់ធ្លាក់ចូលក្នុងទឹកប្រឡាយបណ្តាលអោយលង់ទឹកស្លាប់។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាគាត់ បានស្រវឹងស្រា ហើយជិះកង់ធ្លាក់ចូលក្នុងប្រឡាយបណ្តាលអោយលង់ទឹកស្លាប់ ៕
មតិយោបល់