ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូរ៉ឺម៉កដឹកដែក បានដាច់កង់ម្ខាង ហើយក៏រេចង្កូត ទៅបុកជាមួយនឹងរថយន្តសាំយ៉ុង ដឹកកម្មករមួយគ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា រួចរថយន្តបើកគេចរេចង្កូតក៏បុកជាមួយនឹងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរ៉ឺម៉កស្លាប់ និងស្រ្តីម្នាក់(ជិះម៉ូតូមួយគ្រឿងទៀត ៣នាក់ប្តីប្រពន្ធនិងកូន)រងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវបេតុង មុខវត្តកំពែង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តសាំយ៉ុងមានឈ្មោះ ហ៊ុន ង៉ែតម៉ឺន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ។ ចំណែកអ្នកដែលស្លាប់ និងអ្នករងរបួសធ្ងន់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងធ្វើការវាស់វែង និងឃាត់ខ្លួនម្ចាស់រថយន្ត រួចធ្វើការស្ទូចយករថយន្តនិងម៉ូតូ មករក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តតាំងក្រសាំង ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ៕
មតិយោបល់