ស្ទឹងត្រែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧និង០០នាទី មានករណីបុរសម្នាក់ដេកស្លាប់លើអង្រឹង ឋិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។
សពមានឈ្មោះ លីម ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិស្រឡៅស្រោង ឃុំអន្លង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានស្នាក់នៅទីកន្លែងកើតហេតុ (រកស៊ីអារឈើ) ។
យោងតាមការបំភ្លឺពីអ្នកទៅអារឈើជាគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់៤នាក់ បានដាំបាយហូបនៅពេលព្រឹកក្នុងជំរំ ។ ពេលហូបបាយព្រឹកហើយ ពួកគាត់ចេញទៅអារឈើ មានចម្ងាយជាង១០០ម៉ែត្រពីកន្លែងស្នាក់ (ជំរំ) តែដោយសារម៉ាស៊ីនអារឈើ (ត្រងសឺន័រខូច) ឈ្មោះ លីម ប៊ុនលី ដែលជាតៃកុងអារឈើ ហើយជាថៅកែផងនោះ បានឲ្យអ្នកទាំង៣ចូលទៅអារឈើ ដោយរូបគាត់ (លីម ប៊ុនលី)នៅធ្វើម៉ាស៊ីនតែម្នាក់ឯងនៅ កន្លែងស្នាក់នៅ ។ លុះថ្ងៃត្រង់ពួកគាត់៣នាក់បាននាំគ្នាត្រឡប់មកវិញ ស្រាប់តែឃើញ លីម ប៊ុនលី ដេកស្លាប់លើអង្រឹងបាត់ទៅហើយ ។
តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ បញ្ជាក់ថា ប្តីរបស់គាត់ជាញឹកញ៉ាប់គឺឧស្សាហ៍កោសខ្យល់ណាស់ ។ ហេតុដូចនេះ ការស្លាប់របស់ប្តីគាត់ ពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន ។ ហើយបានដឹកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើតទាំងយប់ ។
កម្លាំងជំនាញកោសល្យវិច័យមិនទាន់ឡើយ ហើយក៏បានរាយការណ៍ជូនទៅលោកព្រះរាជអាជ្ញារង ដើម្បីឲ្យប្រគល់សពនៅវេលាម៉ោង១៨ និង៣៩នាទី ទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់