កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីរថយន្ដមួយគ្រឿង បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀត បើកដោយល្បឿនលឿនឈប់មិនទាន់ បានបុកចំពីមុខពេញមួយទំហឹង ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរទទួលរងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង០៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។
ជនរងគ្រោះឈ្មោះ ណាក់ សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខព្រៃវៃង1J-3664 (រងរបួសស្រាល) មានអ្នករួមដំណើរម្នាក់ឈ្មោះ ម៉េង ឡេង ភេទប្រុស អាយុ១៤ឆ្នាំ (រងរបួសធ្ងន់បាក់ជើងស្ដាំ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែករថយន្ដម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AI-3913 បើកបរដោយជនពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនក្រោយមានហេតុការណ៍កើតឡើង ។
នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដមួយម៉ាក TOYOTA HIGHLANDER ខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្ដ TOYOTA HIGHLANDER បានបត់ឆ្លងផ្លូវ ខណៈនោះក៏មានម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់បានបុករថយន្ដចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសស្រាល។ រីឯអ្នករួមដំណើររងរបួសធ្ងន់បាក់ជើងខាងស្ដាំ ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានចុះធ្វើការពិនិត្យវាស់វែង កន្លែងកើតហេតុ រួចកសាងសំណុំរឿងដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕
មតិយោបល់