កំពង់ស្ពឺៈ រោងចក្រកែច្នៃប្រេងខ្មៅផលិតទៅជាប្រេងម៉ាស៊ូត ត្រូវបានបង្ក្រាបដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
ដោយមានការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់ មន្ត្រីជំនាញ នាវេលាម៉ោង១៣.៥០នាទីរសៀលថ្ងៃព្រហស្បត្តិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរឧស្សហកម្មខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដោយមានដីកាអនុញ្ញាតពីសាលាដំបូងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្រា្កបករណីផលិតកែច្នៃប្រេង គ្មានច្បាប់អនុញ្ញាត នៅចំណុចក្នុងរោងចក្រភូមិតំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានអ្នកទទួលខុសត្រូវ២នាក់ ឈ្មោះ ច្រិច វ៉ាន់ថន ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ និងឈ្មោះ ថន សេងលី ភេទប្រុសអាយុ៣០ឆ្នាំ សញ្ជាតិ ខ្មែរ។
ក្រោយពីការត្រួតពិនិត្យជាក់ស្តែងរួចមក សមត្ថកិច្ចចម្រុះបានឆែកឆេររកឃើញៈ
១-ធុងខៀវម៉ាក (Interrox ST50)ចំនួន៥៤ធុង (១ធុងទម្ងន់ ៣៥គីឡូក្រាម)
២-ធុងអាស៊ីតព៌ណប្រផេះ(គ្មានម៉ាក)ចំនួន១១០ធុង(១ធុងទម្ងន់១៥ គីឡូក្រាម)
៣-ធុងស្តុកប្រេងម៉ាស៊ូត ចំនួន២៤ធុង (១ធុងចំណុះ ៤០០លីត្រ)
៤-ស៊ីទែនស្តុកប្រេងម៉ាស៊ូតធំ ចំនួន០៤ស៊ីទែន (១ស៊ីទែន ចំណុះ ១៥.០០០លីត្រ)
៥-ស៊ីទែនស្តុកប្រេងម៉ាស៊ូតតូច ចំនួន០៣ស៊ីទែន (១ស៊ីទែន ចំណុះ ៣.០០០លីត្រ)
៦-រថយន្តស៊ីទែន០៣គ្រឿង(១.ម៉ាក HYUNDAI ព៌ណស ស្លាកលេខ ភព. 3A-9086 មានចំណុះ ១៦.០០០លីត្រ របស់ក្រុមហ៊ុនសាវីម៉ិច,២.ម៉ាកកាម៉ាស ព៌ណប្រផេះ ស្លាកលេខ ក-2487 ភព3 មានចំណុះ ១៦.០០០លីត្រ,៣.រថយន្តកូរ៉េ ព៌ណសលាយខៀវ ស្លាកលេខ ភព 2D. 1953 មានចំណុះ ២.៥០០លីត្រ)
៧.គោយន្តកែច្នៃ ០១គ្រឿង ពណ៌ទឹកក្រូច គ្មានស្លាកលេខ
៨.ឡចំហុយចំនួន ០២
៩.អាងទឹកស្អំចំនួន ០១ និងសំភារៈបំរើការងារកែច្នៃប្រេងខ្មៅមួយចំនួនទៀត។
ក្រោយការត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង អ៊ូ ផាត បានសម្រេចឲ្យរោងចក្រផ្អាក់ ដំណើរការកែច្នៃប្រេងខ្មៅជាបណ្តោះអាសន្ន និងធ្វើការដកហូតសំភារៈទាំងអស់ខាងលើរក្សាទុកក្នុងទីតាំងរោងចក្រ លើកលែងតែរថយន្តម៉ាក HYUNDAI ព៌ណស ស្លាកលេខ ភព. 3A-9086 មានចំណុះ ១៦.០០០លីត្រ យកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕
មតិយោបល់