ព័ត៌មានជាតិ

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកអីវ៉ាន់ចាប់ហួយដាច់ហ្វ្រាំងក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានក្រឡាប់ផ្ងារជើង​ស្លាប់មនុស្សម្នាក់យ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៥០នាទី ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦៨ បង្គោលគីឡូម៉ែត្រ១០៩ ភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ តាង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយីឌុក ដឹកអីវ៉ាន់ចាប់ហួយចេញពីអូរស្មាច់ ឆ្ពោះទៅភ្នំពេញ។ ចំណែកអ្នកដែលស្លាប់មានឈ្មោះ យ៉េន ចាន់រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ជាអ្នករួមដំណើរ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍អូរស្មាច់ និងកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកមូលហេតុ បណ្តាលមកពីស្ថានភាពផ្លូវចុះចំណោទ និងកោង ហើយរថយន្តដាច់ហ្វ្រាំង ក៏រេចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង។​ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់