ព័ត៌មានជាតិ

Update៖ រថយន្តស៊េរីទំនើបPorscheតម្លៃរាប់ម៉ឺនដុល្លារ បើកបុករថយន្តស្ទូចពីក្រោយ ខ្ទេចក្បាលខាងមុខ​!

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកPorsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BA. 9996 បានជ្រុលបុកពីក្រោយរថយន្តស្ទូច បណ្តាលឲ្យខូចខាតកំណាត់មុខយ៉ាងដំណំ ខណ:ដែលរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C. 5554 ​កំពុងបន្ថយល្បឿន ដើម្បីឲ្យរថយន្តដឹកដែកមួយគ្រឿងទៀតឆ្លងផ្លូវ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
​​​
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ
រថយន្តទាំង៣គ្រឿងធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៦អា ដោយរថយន្តដឹកដែកបើកមុខ រថយន្តស្ទូចបើកបន្ទាប់។
ចំណែករថយន្តPorscheបើកក្រោយគេ ខណ:ដែលមកដល់ចំណុចកើតហេតុ រថយន្តដឹកដែកដែលបើកមុខគេបានបត់ឆ្វេងឆ្លងផ្លូវដោយមិនបានស៊ីញ៉ូឡើយ រថយន្តស្ទូចដែលបើកបន្ទាប់ក៏បន្ថយល្បឿន ចំណែករថយន្តPorscheក៏បានជ្រុលបុករថយន្តស្ទូចពីក្រោយ បណ្តាលឲ្យខូចខាតកំណាត់មុខផ្នែកខាងស្តាំយ៉ាងដំណំ រីឯរថយន្តស្ទូចមិនខូចខាតឡើយហើយក៏មិនមានមនុស្សរងរបួសនោះទេ។

នៅក្នុងហេតុការណ៍គេមិនដឹងថាខាងណាខុសឬត្រូវឡើយ តែក្រោយពេលកើតហេតុគិតត្រឹមម៉ោង៣និង១៤នាទីរសៀលភាគីទាំងសងខាងកំពុងសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុនៅឡើយចំណែករថយន្តដឹកដែកបានបន្តដំណើរទៅបាត់៕

មតិយោបល់