ព័ត៌មានជាតិ

ខឹងគេជេរដៀលពេក ទ្រាំលែងបានអារកសម្លាប់ចោល គេចខ្លួនបានតែ៦ម៉ោងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ស្វាយ​រៀងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ខេត្តស្វាយរៀង​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង២​និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​កាលពី​វេលា​ម៉ោង​ ១០​និង​២០​នាទី​ក្នុង​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំ​យ៉ោ​ង​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​នៅ​ភូមិ​ឫស្សី​លៀប​ ឃុំ​សំ​យ៉ោ​ង​ ស្រុក​កំពង់​រោ​ទិ៍​ មាន​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ​ ចាប​ ប៉ាក​ ស្រី​ អាយុ​ ៦៣​ឆ្នាំ​ មុខរបរ​នៅផ្ទះ​។​

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ និង​លោកគ្រូ​ពេទ្យ​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច័យ​សាកសព​ ឃើញ​ថា​មាន​ស្លាកស្នាម​អារក​នឹង​កាំបិត​ ព្រមទាំង​រក​ឃើញ​សម្ភារៈ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​គឺ​លុយ​ចំនួន​២៣៤,០០០​ រៀល​,​ លុយ​ដុល្លារ​៦៥ដុល្លារ,​ លុយ​ដុ​ង​ ១​លាន​៤​សែន​ដុ​ង​ និង​ទូរស័ព្ទ​០១​គ្រឿង​។​ ​ក្រោយ​ពី​ការ​ពិនិត្យ​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​សន្និដ្ឋាន​ថា​ សាកសព​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។​

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រហូត​មក​ដល់​ម៉ោង​១៦​និង​៣០​នាទី​ក្នុង​ថ្ងៃ​ដដែល​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ​ ទួ​ច​ នួ​ច​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឫស្សី​លៀប​ ឃុំ​សំ​យ៉ោ​ង​ ដែល​ជា​មុខសញ្ញា​មានការ​សង្ស័យ​យក​មក​សាកសួរ​ នៅ​ការិយាល័យ​ជំនាញ​ខេត្ត​។​ ឆ្លងកាត់​តាម​ការ​សាកសួរ​អស់​រយៈពេល​មួយ​ម៉ោង​ក្រោយមក​ ជនសង្ស័យ​ឈ្មោះ​ ទូច​ នួ​ច​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​អារក​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ ចាប​ ប៉ាក​ ប្រាកដ​មែន​ តែ​ខ្លួន​ពុំ​បាន​យក​សម្ភារៈ​ ឬ​ទ្រព្យសម្បត្តិ​អ្វី​ទេ​ ព្រោះ​យប់​ងងឹត​ពេក​។​ រីឯ​កាំបិត​ដែល​ធ្វើ​សកម្មភាព​នោះ​ ខ្លួន​យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​របស់​ខ្លួន​។​

​ជនល្មើស​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​សម្លាប់​ស្ត្រី​ខាងលើ​ដោយសារ​ខ្លួន​ខឹង​នឹង​ឈ្មោះ​ ចាប​ ប៉ាក​ ជេរ​ដៀល​ខ្លួន​កន្លង​មក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

មតិយោបល់