ព័ត៌មានជាតិ

ប្រយត្ន័ណាស្រីៗ!.. នារី​ម្នាក់​ត្រូវ​ចោរឆក់ទូរស័ព្ទ​ដៃ ដួល​បែក​ក្បាល..​

ភ្នំពេញ: ​ នារី​ម្នាក់​ជិះម៉ូតូ​កាន់ទូរស័ព្ទនិយាយ ត្រូវបានក្រុមចោរជិះម៉ូតូដេញតាមនិងធ្វើការឆក់យកទូរស័ព្ទបានសម្រេច រួចជិះរត់គេចខ្លួនបានស្រមោល​ដោយ​សុវត្ថិភាព​ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​១១យប់​ ថ្ងៃទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ក្បែរ​ស្តុប​ផ្សារ​ដី​ហ៊ុយ​ តាមបណ្ដោយ​ផ្លូវ​១៩៨៦​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​នារី​រូបស្រស់​ម្នាក់​វ័យ​ប្រហែល​២៥ឆ្នាំ​ បានបើកបរម៉ូតូមួយគ្រឿងម៉ាក​ហុងដាស្កុបភី​ ពណ៌ស​ខៀវ​លាយស​ ពាក់ស្លាកលេខ​ ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​១៩៨៦​ ក្នុងទិស​ដៅ​ពីកើត​ទៅ​លិច​។ លុះមកដល់​ចំណុចកើត​ហេតុ​ ក៏​ស្រាប់​តែ​លេចមុខ​ក្រុម​ចោរ​មួយ​ក្រុម​មានគ្នា២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ ដេញ​តាម​មកពី​ក្រោយ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ អាយហ្វូន​សិច​ ពីនារីរូបស្រស់​ខាងលើ​ដែលកំពុង​កាន់និយាយ​ បានសម្រេច​បណ្តាល​ឲ្យ​នារី​រងគ្រោះ​ដួល​បោក​ទៅ​នឹង​ផ្លូវ​រងរបួស​បែក​ក្បាល​។ ភា្លមៗ​នោះក្រុមចោរឆក់​ ក៏បានបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើត​ហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​រស្មី​ដឹក​យក​ទៅ​ព្យាបាល​។ ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ ដើម្បី​រង់ចាំ​ជន​រងគ្រោះ​មក​ធ្វើ​ការ​ដាក់​ពាក្យ​បណ្ដឹង​ និង​យក​ម៉ូតូ​ទៅ​វិញ​នៅ​ពេល​ក្រោយ៕

មតិយោបល់