ភ្នំពេញៈ ប្រជាពលរដ្ឋបានកើតមានការហួសចិត្តយ៉ាងខ្លាំង ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវបណ្តាលឲ្យមានបុរសម្នាក់ស្លាប់ ស្រាប់តែមានរថយន្តសាមុយ២ផ្សេងគ្នា ជម្លោះគ្នាដណ្តើមសពជនរងគ្រោះ រហូតធ្លាក់សពចេញពីលើប្រង់ការ ហើយឈានដល់ការជិះម៉ូតូដេញតាមវាយគ្នាបណ្តាលឲ្យរបួស និងបែកកញ្ចក់រថយន្តទៀតផង ហាក់បីដូចជាគ្មានសណ្តាប់ធ្នាប់ គ្មានក្រសីល៍ធម៌ អ្វីបន្តិចសោះ។
ករណីនេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចឈាបដ្ឋានក្នុងបរិវេណវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់បន្ថែមថា មុនពេលកើតហេតុគេឃើញរថយន្តសាមុយមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ចាប់ស៊ីរ៉ែន ពាក់ស្លាកលេខ ព្រះសីហនុ 2A-9825 បានមកដឹកសាកសពជនរងគ្រោះដែលស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម្នាក់ នៅចំណុចផ្លូវហាណូយ ក្នុងខណ្ឌសែនសុខ ដោយយកមកដាក់នៅឈាបដ្ឋានវត្តតាំងកសាងខាងត្បូង គ្រាន់តែបើកមកដល់ ក៏ត្រូវបានបុរសម្នាក់ ដែលគេស្គាល់ថាបងធំកាងរថយន្តដឹកសាកសពល្បីប្រចាំក្រុងភ្នំពេញ ដែលមានកិច្ចសន្យាឃាត់ខ្លួន និងអប់រំ រាប់មិនអស់ បានជិះម៉ូតូម៉ាក YAMAHA មួយគ្រឿង មកដល់រករឿងថារថយន្តសាមុយដែលដឹកសាកសពនេះ បានដណ្តើមសពរបស់ខ្លួន (ដណ្តើមសពគ្នាដឹក) ហើយក៏ផ្ទុះកំហឹងរករឿងទៅលើអ្នកបើកបររថយន្តដឹកសាកសព ហើយចាប់វាយ បណ្តាលឲ្យរបួសនិងវាយបែកកញ្ចក់រថយន្ត ហើយរត់គេចចោលម៉ូតូ១គ្រឿង នៅកន្លែងកើតហេតុតែម្តង។
ដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋបានសូមណូមពរឲ្យសារព័ត៌Post News ជួយចុះផ្សាយដើម្បីសូមណូមពរដល់លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការចំពោះរថយន្តសាមុយដែលដណ្តើមដឹកសាកសពតាមដងផ្លូវទាំងនេះផង ព្រោះមើលទៅហាក់បីដូចជាគ្មានសុជីវធម៌ គ្មានសីលធម៌ គ្មានសណ្តាប់ធ្នាប់អ្វីបន្តិចសោះ ទាំងដែលបញ្ហានេះកើតឡើងជាញឹកញាប់នៅតាមផ្លូវសាធារណៈដដែលៗ៕
មតិយោបល់