ភ្នំពេញៈ តាមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមួយក្រុមមកពីសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ (IARD)។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្នើឲ្យ IARD បើកយុទ្ធនាការដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដល់ប្រជាជននៅខែវិច្ឆិកាខាងមុខនេះ ពោល គឺចំពេលនៃការប្រារព្ធពិធីបុណ្យអុំទូកតែម្ដង។
ហ្វេសប៊ុកក្រសួងសាធារណកា ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានបន្តឲ្យដឹងថា គណៈប្រតិភូបានពិភាក្សាលើយុទ្ធនាការ លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដែលកិច្ចការងារនេះ ដឹកនាំដោយគណៈកម្មាធិការជាតិគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការគាំទ្រពីសម្ព័ន្ធឧស្សាហកម្មនានា ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
គំនិតផ្តួចផ្តើមនេះ មានធាតុសំខាន់៣ គឺយុទ្ធនាការលើកកម្ពស់ការយល់ដឹង អំពីប្រព័ន្ធផ្សព្វផ្សាយសង្គម យុទ្ធនាការអប់រំតាមគ្រឹះស្ថានសិក្សា និងទីភ្នាក់ងារអនុវត្តន៍ច្បាប់ ដែលផ្តោតលើខេត្តកណ្តាល (ឆ្នាំដំបូងនៃការសាកល្បង) និងការបង្កើតក្រមប្រតិបត្តិ ដែលបានស្នើឡើងសម្រាប់ឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជា។
ក្នុងនាមជាអនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស៊ុន ចាន់ថុល បានសម្តែងនូវការគាំទ្រដល់គំនិតផ្តួចផ្តើមនេះ និងបានផ្តល់ការណែនាំដល់ក្រុមគណៈប្រតិភូ និងបានស្នើឲ្យគណៈប្រតិភូកំណត់យកគោលដៅពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកាខាងមុខ ជាកាលបរិច្ឆេទសម្ពោធដាក់ឲ្យដំណើរការយុទ្ធនាការ នៃគំនិតផ្តួចផ្តើមនេះ។
គួរជម្រាបថា IARD គឺជាសម្ព័ន្ធអន្តរជាតិ មានសមាសភាពចូលរួមពីសហគ្រាស ផលិតស្រា និងស្រាបៀរ ដែលបាន និងកំពុងបំពេញការងារជាមួយកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) កាយរិទ្ធកម្ពុជា អ្នកស្ម័គ្រចិត្ត គ្រូបង្រៀន សិស្សនិស្សិត និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍មួយ ដោយផ្តោតជាពិសេសលើផលប៉ះពាល់ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៕
មតិយោបល់