ព័ត៌មានជាតិ

ជិះព្រហើនៗណាស់! រ៉ឺម៉កម៉ូតូកង់បីជិះមិនប្រកាន់ស្តាំ ទៅបុករថយន្តហ៊ីយ៉ានដាយ ស្លាប់ម្នាក់ របួសធ្ងន់២នាក់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរ៉ឺម៉កកង់បី និងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី​២៤ ខែធ្នូ​ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រ​លេខ២២-២៣ ភូមិព្រៃរកា ឃុំឆក់ឈើនាង
ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មុនពេលកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូកង់បី១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1HH-2147 បើកបរដោយឈ្មោះ គ្រី ស្រ៊ុន ភេទប្រុស ​អាយុ​៤៦ឆ្នាំ​ ​ ជនជាតិខ្មែរ​ ទីលំនៅភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរ២នាក់ទៀត ទី១.ឈ្មោះ នួន សុខន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២មិនស្គាល់ឈ្មោះ មិនស្គាល់អាសយដ្ឋាន(របួសធ្ងន់) បានបើកមកពីទិសខាងលិចទៅទិសខាងកើត ហើយជ្រុលចង្កូតទៅបុករថយន្ត​១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9940 (អ្នកបើកបររត់គេចខ្លួន) ដែលបើកមកពីទិសខាង កើតទៅលិចក្នុងទិសដៅបញ្ច្រសទិសគ្នា។

តាមការសន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរ​ម៉ូតូកង់បីបើកបរមិនប្រកាន់ស្តាំ ។ ក្រោយកើតហេតុសាកសព​ ត្រូវបានកម្លាំងជំនាញកំពុងស្រាវជ្រាវរកក្រុមគ្រួសារ។ ចំណែកមធ្យោបាយ កម្លាំងជំនាញ​បានយកមករក្សាទុកនៅអធិការដ្ឋាន​នគបាលស្រុក​ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់