ព័ត៌មានជាតិ

ងងឹតមុខ ឲ្យក្មួយកោសខ្យល់រួចងើបចូលបន្ទប់ទឹក ចេញមកវិញដួលស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់បានស្លាប់ដោយសារតែករណីខ្យល់គ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សពជនរងគ្រោះមានឈ្មោះ ជិន វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (ផឹកស្រាជាប្រចាំ)។

តាមការបំភ្លឺរបស់ឈ្មោះ ជិន ភារី ត្រូវជាប្អូនស្រីបង្កើត បានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះកំពុងធ្វើការ
នៅភ្នំពេញហើយមិនសូវស្រួលខ្លួន ពេលនោះមេជាង បានជួលកង់បីដឹកជនរងគ្រោះមកផ្ទះវិញ ដោយឃើញសភាពមិនសូវស្រួល លុះដល់វេលាម៉ោង៥ល្ងាច ពេលជនរងគ្រោះនៅផ្ទះចុកពោះបានឲ្យក្មួយកោសខ្យល់ឲ្យបន្ទាប់មកពេលកោសខ្យល់បានតែពីខាងមុខក៏ងើបចូលទៅក្នុងបន្ទប់ទឹករួចបានដើរចេញពីបន្ទប់ទឹកមកវិញបានងងឹតមុខ ដួលស្លាប់តែម្តង រួច​បានរាយការណ៍ មកសមត្ថកិច្ចបង្កើតគណៈកម្មការពិនិត្យរួមមាន៖កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព។

តាមការសន្និដ្ឋាន របស់គ្រូពេទ្យនិងផ្នែកជំនាញពិនិត្យ ឃើញថា៖ សពពិតជាស្លាប់ដោយសារខ្យល់គប្រាកដមែនហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សំគាល់ឡើយ និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់