ភ្នំពេញៈ មុននេះបន្តិច ជនសង្ស័យវ័យក្មេងប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនជាច្រើនកញ្ចប់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រៀង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៩ME ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
លោកបានបន្តថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ សុទ្ធតែជាមុខសញ្ញាចាស់ ដែលកម្លាំងបានតាមដាននូវសកម្មភាពរបស់ពួកគេជាយូរមកហើយ។
លោកបានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងរួមមានៈ ១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣២កញ្ចប់ ២.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ៣.ដបជក់គ្រឿងញៀនពីរ ៤.លុយដុល្លារចំនួន១០ដុល្លារ និងលុយខ្មែរចំនួន៥ម៉ឺនរៀល ៥.ទូរស័ព្ទ ចំនួន០១គ្រឿង និងថង់ច្រកមួយចំនួន។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


មតិយោបល់