ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តវីហ្គូ បុកកាមរី ផ្ដាច់ជីវិតមនុស្ស ២នាក់ រួចបើករត់

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុករថយន្ត បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ គេឃើញរថយន្តម៉ាក វីហ្គូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1971 បានធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តម៉ាកកាមរី បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ រួចបើកគេចខ្លួនបាត់។

ជនរងគ្រោះដែលស្លាប់ទាំងពីរ ទី១.ឈ្មោះ រឿន រ៉ន ភេទ ប្រុសអាយុ ៣៩ ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល និងទី២.ឈ្មោះ ម៉ាណ រ៉ាន់ភេទ ស្រីអាយុ ៦០ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងអូសយកវត្ថុតាងរថយន្ត មករក្សាទុកនៅអធិការស្រុកបណ្តោះអាសន្ន ដើម្បីរងចាំដោះស្រាយពេលក្រោយ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់