ព័ត៌មានជាតិ

Update៖ ស្គាល់អត្តសញ្ញាណប្តី​ដើមជាមន្ត្រីយោធាជើង​​គោក វីរៈ​៩១ ដែល​ឃើញ​អតីត​ប្រពន្ធ​ជាមន្ត្រីយោធាដូចគ្នាហូប​ស៊ុប​ជាមួយ​សង្សារ​ថ្មី ចូលទៅ​ចាក់​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​៣​នាក់​នោះហើយ!

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្តី​ដើម​ឃើញ​អតីត​ប្រពន្ធ​ហូប​ស៊ុប​ជាមួយ​សង្សារ​ថ្មី បាន​ដើរ​សំដៅទៅ​ចាក់​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​បុរស​ជា​សង្សារ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​អតីត​ប្រពន្ធ និង​ម្តាយ​ក្មេក​រងរបួស​ធ្ងន់ ហើយ​ជនដៃដល់​បានគេច​ខ្លួន​បាត់ស្រមោល ។​

​ហេ​តុ​ការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន family ផ្លូវ​លេខ​១០១ ក្រុមទី២៥ ភូមិ​ទី៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​ជនរងគ្រោះ​រួមមាន ៖ ១-​ឈ្មោះ គង់ សុផារ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ ១៣៥ ផ្លូវ​លេខ ៣៥៧ ភូមិដើម​ស្លែង សង្កាត់ច្បារអំពៅ​ទី ២ ខណ្ឌ​ច្បារអំពៅ មុខរបរ​យោធា រងរបួស​ដៃ និង​ជើង​ទាំងសងខាង ។ ២- ឈ្មោះ​ម៉ែន​អេង ភេទ​ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ឈ្មោះ​គង់​សុផារ៉ា មុខរបរ លក់​បបរ រងរបួស​ជើងឆ្វេង និង​៣-​ឈ្មោះ Song Qingjun ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣១០ សង្កាត់ បឹង​កេងកង​ទី​២ ខណ្ឌចំការមន មុខរបរ​ប្រធាន​ក្រុមហ៊ុន កាន់​លិខិតឆ្លងដែន​លេខ EA៩៥១០៧៩៩ (​ស្លាប់​)​។​

ស្លាកស្នាម​លើ​សាកសព ៖ ស្នាមរបួស​ដាច់រយះ​នៅ​ផ្ទៃ​ខ្លួន​ខាងមុខ​ចំនួន​៧​កន្លែង​, ​ស្នាមរបួស​ដាច់រយះ​នៅ​ផ្ទៃ​ខ្លួន​ខាងក្រោយ​ចំនួន​៦​កន្លែង​, ​ស្នាម​ដាច់​រលាត់​នៅលើ​ថ្ងាស​លិង្គ​១​កន្លែង ។​

ជនសង្ស័យ​ឈ្មោះ គង់​ កុសល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ f៥ បុរី​សាន់​តូ​នី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​យោធា​ជើង​​គោក វីរៈ​៩១ ត្រូវជា​ប្ដី​ដើម​របស់​ជនរងគ្រោះ​ឈ្មោះ គង់ សុផារ៉ា ដែល​កំពុង​លែងលះគ្នា​តែ​មិនទាន់ បាន​សាលក្រម​ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ គង់​សុផារ៉ា និង​ម្ដាយ​ឈ្មោះ ម៉ែន អេង រួមទាំង​មិត្ត​ប្រុស ជា​ជន​ជាតិចិន​ខាងលើ បាននាំគ្នា​មក​ហូប​សាច់​អាំង នៅ​ភោជនីយដ្ឋាន​កន្លែងកើតហេតុ ។ ពេល​កំពុងតែ​ហូប ស្រាប់​​តែ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ មក​ឈប់​នៅ​​មុខ​ភោជនីយដ្ឋាន រួច​ចុះ​ពីលើ​ម៉ូតូ ដើរ​សំដៅ​ទៅរក​ជនរងគ្រោះ​ដោយ ដៃ​ម្ខាង​កាន់​អាវុធខ្លី​មិន​ស្គាល់​ម៉ាក និង​ដៃ​ម្ខាង​ទៀត​កាន់​កាំបិត រួច​ចាក់ទៅលើ​ជនរងគ្រោះ​ដែលជា​ជនជាតិ​ចិន ជាច្រើន​កាំបិត ត្រូវដង​ខ្លួន​ចំនួន​១៤​កន្លែង ធ្លាយ​ពោះវៀន​បណ្តាល​ឲ្យ​ស្លាប់ ។ ពេលនោះ​ជនរងគ្រោះ គង់ សុផារ៉ា និង​ម្ដាយ បាន​ឃាត់ ក៏ត្រូវ​ជនសង្ស័យ​ចាក់​ឲ្យ​របួស​ផងដែរ ហើយ​ជនសង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ តែ​ជា​អកុសល បុរស​ជា​សង្សារ​ថ្មី​បាន​ស្លាប់ ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ៕

មតិយោបល់