ព័ត៌មានជាតិ

សាកសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលព្រៃត្រែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាកាន កម្លាំងជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងជំនាញកោសល្យវិច្ច័យពេទ្យខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ញ៉ឹង រស់រវើក បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសពឈ្មោះ លឹម ប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិបត់កណ្តោល ឃុំបឹងបត់កណ្តោល ស្រុកបាកាន ជាបុរសពោះម៉ាយ បានដេកស្លាប់នៅក្នុងព្រៃត្រែង ពីខាងត្បូងករបឹងសណ្តាន់ ចម្ងាយប្រហែល២០០ម៉ែត្រ។

សពដេកស្លាប់ក្បាលទៅទិសខាងលិចក្នុងស្ថានភាពពុំមានសំលៀកបំពាក់ ក្រៀមស្វិត គ្មានសាច់គឺសល់តែគ្រោងឆ្អឹង មានពាក់ខ្សែចង្កេះ ពុំមានបែកបាក់ឆ្អឹងទេ។ កម្លាំងនគរបាលនិងពេទ្យជំនាញកោសល្យវិច្ច័យចុះពិនិត្យសាកសពនេះ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះបានទទួលព័ត៌មានពីឈ្មោះ ទួន ធៀង អាយុ ៥២ឆ្នាំ ភេទប្រុស រស់នៅភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកាន ថាមានមនុស្សបានដេកស្លាប់នៅចំណុចខាងត្បូងករបឹងសណ្តាន់ ស្ថិតនៅភូមិត្រាំពែ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦នឹង០០នាទីល្ងាច។

តាមការបំភ្លឺពីកូនស្រីបង្កើតរបស់សព ឈ្មោះ លឹម គន្ធា អាយុ ៣០ឆ្នាំ រស់នៅភូមិអូរ ឃុំបឹងបត់កណ្តោល បានបញ្ជាក់ថា ឪពុករបស់ខ្លួន(សព)ជាមនុស្សញៀនស្រា និងមានជំងឺប្រសៃប្រសាទ បានជិះកង់ចេញបាត់ពីផ្ទះកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១មកម្លេះ មិនដឹងទៅទីណាទេ ហើយខ្លួនជាកូនបានតាមរកគាត់ជាច្រើនថ្ងៃមកហើយ ប៉ុន្តែរកមិនឃើញគាត់សោះ។ លុះដល់ម៉ោងប្រហែលម៉ោង៦ល្ងាចនៅ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ទើបខ្លួនបានលឺអ្នកភូមិនិយាយថា មានមនុស្សដេកស្លាប់នៅចំណុចខាងលើ ពេលនោះខ្លួនបានទៅមើល ហើយស្គាល់ថាពិតជាសព ឪពុកខ្លួនមែន។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចនគរបាលបច្ចេកទេស និងពេទ្យជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសពយ៉ាងយកចិត្តទុកដាក់រួចមក ក៏បានធ្វើការសន្និដ្ឋានថា សពឈ្មោះ លឹម ប្រុស គឺបានស្លាប់ដោយសារគាំងបេះដូង ដោយដើរវង្វេងក្នុងព្រៃ និងដាច់បាយ ដាច់ទឹក។ លោកអធិការបានបន្តទៀតថាកម្លាំងនគរបាលជំនាញបានធ្វើកំណត់ហេតុនិងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

សាកសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលព្រៃត្រែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

មតិយោបល់