សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនបរទេស៣នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ក្នុងករណីហិង្សាមួយនៅមុខហាង ឌ្រីងបារ សង្កាត់ស្វាយដង្គំ ។
តាមដំណើររឿងហិង្សា បានឲ្យដឹងថា នាវេលាម៉ោងប្រហែល២៤ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខហាង ឌ្រីងបារ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប ជនសង្ស័យជាជនបរទេសចំនួន៣នាក់ ភេទប្រុស បានធ្វើសកម្មភាពព្រួតគ្នា វាយទៅលើជនរងគ្រោះជាជនបរទេសម្នាក់ ឈ្មោះ MARIO MAEHLMEYER ភេទប្រុសកើតឆ្នាំ១៩៧៦ ជនជាតិអាល្លឺម៉ង់ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរអ្នកជំនាញផ្នែកអ៊ីនធើណេត ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប បណ្តាលឲ្យសន្លប់ និងរងរបួសបាក់ឆ្អឹងប្រអប់ជើងខាងឆ្វេង បែកមាត់ រង្គើធ្មេញមុខ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសឹងរឹទ្ធិរ៉េត។
ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖ ១.ឈ្មោះ STRAHIHJADACKOVIC ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិស៊ែប៊ី មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប, ២-ឈ្មោះ JAIYESH FAUJDAR ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិឥណ្ឌា មុខរបរអ្នកគ្រប់គ្រងសណ្ឋាគារ៨៤ ស្នាក់នៅសណ្ឋាគារ៨៤ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និង ៣-ឈ្មោះ MARKO VITOROVIC ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ ស្លូវ៉ានៀ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរធ្វើការតាមប្រព័ន្ធអ៊ីនធើណេត ស្នាក់នៅបន្ទប់ជួលភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់