ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង ម៉ានិច ចាំអ៊ុតឧបសគ្គនៅប៉ុស្ដិ៍លេខ៥

ភ្នំពេញៈ តារាសម្ដែងកញ្ញា ដួង ម៉ានិច កាន់តែមានអារម្មណ៍អន្ទះសារខ្លាំងឡើង ពាក់ព័ន្ធនឹងលទ្ធផលសម្ភាសន៍របស់នាងនៅប៉ុស្ដិ៍លេខ៥ ដើម្បីប្រាកដថាតើនាងនឹងបានតំណែងតួឯកក្នុងរឿង«ហង្សបាក់ស្លាប»ជំនួសកញ្ញាអាលីហ្សា ឬយ៉ាងណា? ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីនៅប៉ុស្ដិ៍លេខ៥បានអះអាងថាលទ្ធផលរបស់នាង គឺស្ថិតនៅលើកណ្ដាប់ដៃរបស់តារាមួយរូបទៀត ដែលនឹងចួលសម្ភាសន៍ដោយផ្ទាល់ជាមួយផលិតករថៃនៅព្រឹកថ្ងៃទី៦ កក្កដានេះ ទើបខាងផលិតករថៃនឹងផ្ដល់ដំណឹងបាន។

លោកជួន វឌ្ឍនៈ អ្នកចាត់ការទូទៅក្នុងការផលិតរឿងប្រចាំនៅប៉ុស្ដិ៍លេខ៥ បានថ្លែងប្រាប់ «Postnews »ថា លទ្ធផលជាប់ ឬធ្លាក់របស់ដួង ម៉ានិច នៅមិនទាន់ដឹងឲ្យប្រាកដនៅឡើយទេ ដោយសារតែក្នុងចំណោមតារាស្រី៣-៤រូបដែលបានសម្ភាសន៍ដោយផ្ទាល់ជាមួយផលិតករថៃ គឺសុទ្ធតែមិនទាន់បានដឹងពីលទ្ធផលដូចគ្នា។ យ៉ាងណាមិញ លោកថា ក្នុងចំណោមអ្នកចូលសម្ភាសន៍ជាមួយផលិតករថៃទាំងអស់ គឺដួង ម៉ានិច មានប្រៀបជាងគេ ដោយសារតែក្នុងពេលធ្វើតេស្ដសម្ដែងនៅនឹងមុខផលិតករថៃ គឺនាងធ្វើបានល្អជាងគេ ជាពិសេសគឺត្រង់ឈុតប្ដូរទឹកមុខពីខឹងទៅជាយំ ដែលផលិតករថៃចង់បាននោះ។ លោកថាដរាបណាតួដែលកំណត់ឲ្យដាក់សម្ភាសន៍ទាំងអស់នៅមិនទាន់បានសម្ភាសន៍អស់នៅឡើយ គឺលទ្ធផលថាអ្នកណានឹងជាប់ជាតួឯកក្នុងរឿង«ហង្សបាក់ស្លាប» ជំនួសអាលីហ្សាដែលត្រូវជាប់ទៅសម្ដែងនៅក្រៅប្រទេស គឺមិនទាន់ដឹងនោះទេ។ លោកថាលទ្ធផលផ្លូវការនឹងត្រូវជូនដំណឹងទៅកាន់សាមីខ្លួននៅអំឡុងថ្ងៃត្រង់នេះ គឺបន្ទាប់ពីតួមួយរូបចុងក្រោយត្រូវបានសម្ភាសន៍ចប់រួចរាល់។ លោកនិយាយថា«ក្នុងចំណោមអ្នកមកសម្ភាសន៍ទាំងអស់ម៉ានិច គាត់ធ្វើបានល្អជាងគេ ប៉ុន្តែអត់ទាន់ថាជាប់ទេ ព្រោះយើងនៅសម្ភាសន៍តួស្រីម្នាក់ទៀតនៅព្រឹកថ្ងៃទី៦ កក្កដាសិន ទើបអាចឆ្លើយទៅគាត់បាន!»។

លោកជួន វឌ្ឍនៈ បានអះអាងថា ជោគវាសនារបស់ដួង ម៉ានិច គឺអាស្រ័យលើតារាស្រីមួយរូបចុងក្រោយ ដែលនឹងជួបសម្ភាសន៍ជាមួយផលិតករថៃ ដោយលោកបញ្ជាក់ថាបើតារាស្រីចុងក្រោយនេះ ធ្វើបានល្អជាងម៉ានិចគឺនឹងបានទៅអ្នកសម្ភាសន៍ចុងក្រោយនោះទេ តែបើសម្ដែងឲ្យផលិតករថៃនៅមានកម្រិតជាង គឺម៉ានិច នឹងបានធ្វើតួឯក។ លោកនិយាយថា«លូវនឹងលទ្ធផលម៉ានិច គឺស្ថិតលើម្នាក់ក្រោយនឹង សម្រាប់ខ្ញុំគឺអត់យល់ថាអ្នកណាមានអទិភាពនោះទេ ដោយសារតែផលិតករគាត់អត់ស្គាល់ថាតារាណាល្បីជាងតារាណាទេ គឺគាត់មើលតែពេលសម្ដែងធ្វើតេស្ដប៉ុណ្ណោះ បើត្រូវគឺជាប់ម្មង!»។ លោកលើកឧទាហរណ៍ថា សូម្បីតែកញ្ញា ឌុច លីដា ដែលមានស្នាដៃរាប់មិនអស់ក៏ធ្លាក់ការធ្វើតេស្ដផងដែរ ទើបលោកឲ្យរង់ចាំមើលលទ្ធផលរបស់តារាចុងក្រោយដែលនឹងជួបផលិតករថៃនោះសិន។ លោកថាតារាដែលធ្វើជាឧបសគ្គរបស់ដួង ម៉ានិច មិនសូវល្បីទេ តែគេជាតារាម៉ូដែលមានសម្រស់ស្រស់ស្អាត មានប្រវត្តិសម្ដែងច្រើន និងសមជាតំណែងតួឯកនៅក្នុងរឿងនោះផងដែរ ដោយតារាម្នាក់នោះ គឺផលិតករថៃជាអ្នកចុចឈ្មោះឲ្យមកសម្ភាសន៍នោះផង។

ការលើកឡើងរបស់លោក ជួន វឌ្ឍនៈ គឺជាការឆ្លើយតបទៅកាន់ការទន្ទឹងរបស់កញ្ញា ដួង ម៉ានិច អញ្ចឹងហើយទើបគេចាំមើលថាតើការបន់ស្រន់របស់ដែលបានបង្ហាញនៅលើហ្វេសប៊ុកតើនឹងក្លាយជាការពិតឬអត់?

មតិយោបល់