ភ្នំពេញៈ ចោរស្ទើរភ្លើងមួយក្រុមមានគ្នា២នាក់ ធ្វើសកម្មភាពឆក់កាបូបពីប្តីប្រពន្ធមួយគូរ បានសម្រេច តែគេចខ្លួនមិនរួច ត្រូវបានបានម្ចាស់ដេញតាមទាន់ឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតបោកក្បាលនិងបារាសសន្តិសុខស្លាប់ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំនុចមុខវិទ្យាល័យសន្ធមុខ ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។
ប្រភពឲ្យដឹងថា ជនរងគ្រោះជាប្ដីមានឈ្មោះ វ៉ាន់ ណេង អាយុ៣០ឆ្នាំ មុខរបរ ជាងទូរស័ព្ទ ស្នាក់នៅផ្ទះជួលនៅម្ដុំទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានប្រពន្ធឈ្មោះ រឿន វ៉ាន់នី អាយុ២២ឆ្នាំ មុខរបរកម្មការនី រោងចក្រ ជិះម៉ូតូម៉ាកស្មាសវី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BP-8404 រីឯជនសង្ស័យទាំងពីរមានឈ្មោះតុប លិ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្សារដេរប៉ូ១ ខណ្ឌទួលគោក ជាអ្នកឌុប ម្នាក់ទៀតឈ្មោះ លក្ខណ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាជនដៃដល់ជិះពីក្រោយ ដោយជិះម៉ូតូម៉ាកនិច ពណ៌ស គ្មានស្លាកលេខ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ពីរនាក់ប្ដីប្រពន្ធទើបតែចេញមកពីញុាំអីនៅម្ដុំកោះពេជ្យ ហើយក្រោយមកគាត់បានជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ លុះមកដល់ចំនុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមម៉ូតូជនសង្ស័យពីក្រោយ ហើយស្រែក ចោរៗ រហូតចូលដល់ក្នុងផ្លូវបូរីកាំកូស៊ីធី ដោយសារតែឃើញជនរងគ្រោះដេញជនសង្ស័យពីក្រោយ ហើយស្រែកដូចនោះទៀត ទើបសន្តិសុខបូរីកាំកូស៊ីធីបានដាក់បារាស់កាក់ពីមុខធ្វើឲ្យជនសង្ស័យបានជិះម៉ូតូបកក្រោយបំរុងចេញទៅផ្លូវខាងក្រៅវិញ ពេលនោះសន្តិសុខដែលយាមកាមនៅចំនុចផ្លូវខាងក្រៅបានទម្លាក់បារាស់ម្ដងទៀតបំណងឃាត់ជនសង្ស័យ តែដោយជនសង្ស័យម្នាក់ដែលជិះពីក្រោយអោនមិនផុតក៏ត្រូវបោកក្បាលនិងបារាស់ដួលខ្ទាតចេញពីបារាស់ក្នុងបូរីកាំកូស៊ីធីប្រមាណ៣០ម៉ែត្របែកខួរស្លាប់នៅហ្នឹងកន្លែង។
ចំនែកម្នាក់ទៀតបានជិះម៉ូតូបំណងឡើងទៅផ្លូវម្ដុំអង់តែនទួលគោក តែពេលដល់ចំនុចរង្វង់មូលកាំកូស៊ីធីមានការដ្ឋានដាក់លូនៅទីនោះ ក៏ទាល់ច្រក ជនសង្ស័យម្នាក់នោះបានផ្ដួលម៉ូតូចោល រួចរត់ចូលក្នុងផ្សារជ័យជំនះបំណងគេចខ្លួន តែត្រូវបានពលរដ្ឋ និងកម្មករការដ្ឋានខាងលើបានដេញតាមទាន់ ហើយឃាត់ខ្លួនបានក៏ស្វាគមន៍ម្នាក់មួយដៃសន្លប់ឈឹងនៅហ្នឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្របញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមះ ដើម្បីព្យាបាល ដោយឡែកម្នាក់ទៀតដែលជាបក្សពួកស្លាប់នោះ ត្រូវបានដឹកសពយកទៅតម្កល់ទុក។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យមកដាក់ពាក្យបណ្ដឹងនៅអធិកាដ្ឋានខណ្ឌទួលគោក។ ចំណែកកាបូបស្ពាយចំហៀងរបស់ជនរងគ្រោះដែលមានទូរសព្ទ័ដៃមួយគ្រឿង និងលុយមួយចំនួន ត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ៕











https://www.youtube.com/watch?v=-ddHeE3cB4E&feature=youtu.be
មតិយោបល់